កីឡាករ រស់ ស៊ីរដ្ឋា ក្រោយខកខានជាប់ក្នុងក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជាជាង៣ឆ្នាំមកនេះ បានបង្ហាញអារម្មណ៍រំភើបពីព្រោះការវិលចូលក្រុមជម្រើសជាតិសារជាថ្មីនេះគឺជាគោលដៅមួយរបស់ខ្លួនដែលតែងតែខិតខំប្រឹងពង្រឹងសមត្ថភាពកន្លងមកនេះ។ ហើយក៏ជាលើកទី១សម្រាប់រូបគេដែលអាចចូលលេងក្នុងព្រឹត្តិការណ៍ធំកម្រិតអាស៊ីអាគ្នេយ៍ដែលសំបូរទៅដោយក្រុមជម្រើសជាតិដែលខ្លាំងៗសម្រាប់រៀនសូត្រដុសខាតសមត្ថភាពបន្ថែម។
ជាមួយគ្នា បុរសវ័យ៣៣ឆ្នាំនេះក៏បានពន្លេចពីចំណុចខ្លាំងខ្លះៗរបស់ដៃគូពាក់ព័ន្ធជាមួយកត្តាកម្លាំង កលក្បិច និងកត្តាស្មារតី តែសម្រាប់គំនិតរដ្ឋាផ្ទាល់នៅតែមានជំនឿចិត្តលើក្រុមជម្រើសជាតិកម្ពុជាទាំងមូល។យ៉ាងណាមិញ កីឡាករមានឈ្មោះហៅក្រៅថាតាក់រូបនេះបានបង្ហាញជំហរសម្រាប់ការវិលត្រឡប់សារជាថ្មីនេះនឹងព្យាយាមស្វែងរកគ្រាប់បាល់ទាត់ទីពេលប៉ះក្រុមគីឡូធ្ងន់ដូចជាក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលជប៉ុន ឬ តាជីគីស្ថាន ជាដើម៕