គ្រូបង្គោលក្រុម Chiangrai United លោក Alongkorn Thongaun បាននិយាយថា លោកមានមោទកភាពចំពោះកីឡាករនៅក្នុងក្រុម បើទោះបីជា ក្រុមជើងឯកលីគកំពូលរបស់ថៃ ត្រូវធ្លាក់ចេញពីការប្រកួត AFC Champions League កាលពីថ្ងៃចន្ទទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះទៅហើយក្ដី។
ថ្វីដ្បិត Chiangrai អាចយកឈ្នះ FC Seoul ២-១ និងអាចតាមស្មើ Melbourne Victory ដែលនាំមុខ២គ្រាប់នៅក្នុងការប្រកួតក៏ពិតមែន ប៉ុន្ដែក្រុមរបស់លោក Thongaun បានអស់ឱកាសដណ្ដើមកៅអីវគ្គ១៦ក្រុមចុងក្រោយ សម្រាប់រដូវកាលដំបូងរបស់ពួកគេ ក្នុងការប្រកួតពានរង្វាន់ធំបំផុតរបស់ក្លិបអាជីពនៅទ្វីបអាស៊ីមួយនេះ។
លោក Alongkorn បាននិយាយកាលពីថ្ងៃចន្ទថា៖ “យើងប្រឹងប្រែងយ៉ាងខ្លាំងក្លានៅថ្ងៃនេះ ហើយយើងធ្វើបានបែបនេះ។ ប៉ុន្ដែគួរឱ្យសោកស្ដាយ យើងរបូតគ្រាប់បាល់លឿនពេក”។
“បើងាកមើលត្រលប់ទៅយុទ្ធនាការប្រកួតនេះវិញ យើងប្រហែលជាត្រូវធ្លាក់ចេញទៅហើយ ប៉ុន្ដែរឿងដែលសំខាន់បំផុតសម្រាប់យើង គឺថាយើងព្យាយាមអស់ពីសមត្ថភាព ហើយបានលេងសហការជាក្រុម”។
“កីឡាករ បុគ្គលិក និង គ្រូបង្វឹក យើងទាំងអស់គ្នាមានគោលដៅដូចគ្នា។ ទោះបីជាយើងមិនអាចឆ្លងទៅវគ្គបន្ទាប់ក៏ដោយ យើងនៅតែមានមោទកភាព ចំពោះការលេងរបស់ពួកយើង ហើយយើងរំពឹងថាអាចត្រលប់មក ចូលរួម AFC Champions League ហើយលេងបានកាន់តែល្អនៅពេលក្រោយ”។
សូមបញ្ជាក់ថា នៅក្នុងជំនួបចុងក្រោយនៃវគ្គចែកពូល នារាត្រីថ្ងៃព្រហស្បតិ៍នេះ បើទោះបីជា Chiangrai អាចយកឈ្នះ Beijing Guoan ក៏ដោយ ប៉ុន្ដែលទ្ធផលបរាជ័យ head-to-head ទល់នឹងក្រុម FC Seuol (ជើងទី១ Chiangrai ចាញ់ ៥-០, ជើងទី២ Chiangrai ឈ្នះ ២-១) និង Melbourne Victory(ជើងទី១ Chiangrai ចាញ់ ១-០ ជើងទី២ស្មើគ្នា ២-២) បានធ្វើឱ្យពួកគេអស់ឱកាសឈានទៅវគ្គ១/៨ផ្ដាច់ព្រ័ត្រ ACL2020៕