Atletico បញ្ចប់កំណត់ត្រាឈ្នះ១៦ប្រកួតជាប់គ្នារបស់ Bayern
Atletico Madrid បានបញ្ចប់កំណត់ត្រាឈ្នះ១៦ប្រកួតជាប់គ្នានៅ Champions League របស់ Bayern Munich បន្ទាប់ពីក្រុមទាំង២បញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ១-១ នៅជុំទី៥នៃវគ្គចែកពូលពានអឺរ៉ុបមួយនេះ។
ខ្សែប្រយុទ្ធ Joao Felix ស៊ុតបញ្ចូលទីនាំមុខសម្រាប់ក្រុមអេស្ប៉ាញ នៅនាទីទី២៦ ប៉ុន្ដែត្រូវបាន Thomas Muller ស៊ុតប៉េណាល់ទីតាមស្មើវិញនៅនាទីទី៨៦។
ទោះបីជាអាចបញ្ចប់កំណត់ត្រាជ័យជម្នះរបស់ក្រុមខ្លាំង Bayern Munich បាន ប៉ុន្ដែក្រុមដែលបង្វឹកដោយ លោក Diego Simeone មិនទាន់ធានាសុវត្ថិភាពក្នុងការឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយបាននៅឡើយទេ ដោយត្រូវការយ៉ាងហោចណាស់១ពិន្ទ ពីការប្រកួតជុំចុងក្រោយទល់នឹង RB Salzburg ទើបមានសង្ឃឹមឆ្លងផុតវគ្គចែកពូលបាន។
Real Madrid ប្រឈមនឹងការធ្លាក់ចេញពីវគ្គចែកពូលលើកដំបូង ២៣រដូវកាលចុងក្រោយ
ក្រុមជើងឯកពានអឺរ៉ុប១៣សម័យ Real Madrid បានបរាជ័យសារជាថ្មីក្រោមថ្វីជើង Shakhtar Donetsk នៅក្នុងវគ្គចែកពូលដោយលទ្ធផល ២-០ បន្ទាប់ពីពួកគេបរាជ័យម្ដងកាលពីជើងទី១នៅក្នុងទឹកដីរបស់ខ្លួន ២-៣។
ក្រុមរបស់លោក Zinedine Zidane ត្រូវធ្លាក់មកលេខ៣ក្នុងតារាងនៃពូល B បើទោះមានពិន្ទុស្មើជាមួយ Shakhtar ប៉ុន្ដែចាញ់ក្រុមអ៊ុយក្រែនដោយរូបមន្ដ head-to-head។
ហើយក្រុមយក្សអេស្ប៉ាញ ប្រឈមនឹងការធ្លាក់ចេញពី Champions League វគ្គចែកពូលជាលើកដំបូង សម្រាប់២៣រដូវកាលចុងក្រោយ ប្រសិនបើមិនទទួលបានលទ្ធផលល្អនៅក្នុងការប្រកួតជុំចុងក្រោយ។
ដ្បិតដឹកនាំក្រុមទទួលបានជ័យជម្នះតែ៤ប្រកួត ក្នុងចំណោម១១ប្រកួតចុងក្រោយគ្រប់ពានរង្វាន់ ប៉ុន្ដែលោក Zidane បានអះអាងថាលោកនឹងមិនលាលែងពីតំណែងនោះទេ ហើយលោកមានតែព្យាយាមកែប្រែស្ថានភាព នឹងរំពឹងទទួលបានលទ្ធផលល្អ នៅក្នុងការប្រកួតបន្ទាប់។
Marseille បញ្ចប់កំណត់ត្រាបរាជ័យ១៣ប្រកួតជាប់គ្នា
ទីបំផុត Marseille បានបញ្ចប់កំណត់ត្រាបរាជ័យ១៣ប្រកួតជាប់គ្នានៅ Champions League បន្ទាប់ពីបានយកឈ្នះ Olympiacos ដោយលទ្ធផល ២-១។
ក្រុមរបស់លោក Andre Villas-Boas តាមទាន់កំណត់ត្រាបរាជ័យច្រើនប្រកួតបំផុតនៅក្នុងការប្រកួតពានធំបំផុតនៃក្លិបអាជីពពី Anderlecht បន្ទាប់ពីចាញ់ Porto ២-០ កាលពីសប្ដាហ៍មុន។
ខ្សែបម្រើ Dimitri Payet រកគ្រាប់បាល់បញ្ចូលទីនៅនាទីទី ៥៥ និង ៧៥ ដោយការស៊ុតប៉េណាល់ទីទាំង២គ្រាប់ ក្រោយពីត្រូវបានក្រុមមកពីប្រទេសក្រិកមានគ្រាប់បាល់នាំមុខមួយគ្រាប់នៅនាទីទី ៣៣ ដែលរកបានដោយកីឡាករ Mady Camara។
សូមបញ្ជាក់ថា Marseille ទទួលបានជ័យជម្នះលើកដំបូងនៅ Champions League ចាប់តាំងពី ខែកុម្ភៈឆ្នាំ២០១២ ដែលកាលនោះពួកគេបានយកឈ្នះ Inter Milan ដោយលទ្ធផល ១-០។
Klopp ផ្ដល់ទំនុកចិត្តលើអ្នកចាំទី U21អៀរឡង់ ក្នុងការប្រកួតដ៏តានតឹងទល់នឹង Ajax
ក្រុមហង្សក្រហម Liverpool ទទួលបាន៣ពិន្ទុទាំងត្រដាបត្រដួស ក្រោយយកឈ្នះ ក្រុមយក្សហុល្លង់ Ajax ដោយលទ្ធផល ១-០ ពីការស៊ុតបញ្ចូលទីរបស់ខ្សែបម្រើវ័យក្មេង Curtis Jones នៅនាទីទី៥៨។
អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងការប្រកួតនោះគឺ អ្នកចាត់ការ Jurgen Klopp បានដាក់អ្នកចាំទី Caoimhin Kelleher ឱ្យលេងនៅក្នុងជម្រើស១១នាក់ដំបូង ជំនួសអ្នកចាំទីដៃទី១ Alisson Becker ដែលខកខានដោយសារបញ្ហារបួស។
ទោះយ៉ាងណាក្ដី អ្នកចាំទីក្រុមសាធារណរដ្ឋអៀរឡង់ក្រោមអាយុ២១ឆ្នាំរូបនេះ មិនបានធ្វើឱ្យលោក Klopp ខកបំណងនោះទេ ដោយរូបគេបានបង្ហាញសមត្ថភាពក្នុងការរារាំងកីឡាករក្រុម Ajax ដែលព្យាយាមរកគ្រាប់បាល់បញ្ចូលទីជាច្រើនលើកច្រើនសារ។
ក្រោយចប់ការប្រកួត លោក Klopp បានពន្យល់ពីការសម្រេចចិត្ត ជ្រើសយក Kelleher ជំនួសរៀមច្បង Adrian គឺដោយសារលោកត្រូវការកីឡាករដែលមានសមត្ថភាពនៃការលេងបាល់ និងសមត្ថភាពពីធម្មជាតិ របស់អ្នកចាំទីវ័យក្មេង ទើបសក្ដិសមនឹងការប្រកួតដ៏តានតឹងមួយនេះ។
សូមបញ្ជាក់ថា Kelleher ជាអ្នកចាំទីវ័យក្មេងបំផុតរបស់ Liverpool ដែលជាប់ជម្រើសដំបូងនៅក្នុងការប្រកួត Champions League បន្ទាប់ពីអតីតអ្នកចាំទី Scott Carson នៅក្នុងឆ្នាំ ២០០៥៕