Borussia Dortmund ជាក្រុមចុងក្រោយបង្អស់ដែលកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ក្នុងជុំទី៥នៃវគ្គចែកពូល ទោះស្មើជាមួយ Lazio ដោយលទ្ធផល ១-១។ ក្រុមផ្សេងទៀតដែលឆ្លងផុតវគ្គចែកពូលមានដូចជា Chelsea, Sevilla, Barcelona, Juventus, Manchester City, Liverpool, Porto និង Bayer Munich។
Chelsea និង Sevilla ជាពីរក្រុមដំបូងដែល ឡើងទៅវគ្គ១/៨ផ្ដាច់ព្រ័ត្រ ទោះនៅសល់២ប្រកួតនៅក្នុងដៃ បន្ទាប់ពីបានយកឈ្នះ Rennes និង Krasnodar នៅជុំទី៤។ ហើយការប្រកួតជុំទី៥ នៅយប់ថ្ងៃពុធ ទី២ខែធ្នូ ឆ្នាំ២០២០ នេះ ក្រុមភ្ញៀវ Chelsea បានលត់ក្រុមម្ចាស់ផ្ទះ Sevilla ៤-០ ដោយគ្រាប់បាល់ទាំងអស់រកបានដោយខ្សែប្រយុទ្ធ Olivier Giroud។
Man City ក៏ឡើងទៅវគ្គបន្ទាប់ផងដែរ ក្រោយលេង៤ប្រកួតដំបូង ហើយពួកគេឈរជាក្រុមកំពូលតារាង ក្រោយស្មើ Porto ដែលមានកៅអីនៅវគ្គ១៦ក្រុមដូចគ្នា ជាមួយលទ្ធផល ០-០ កាលពីយប់ថ្ងៃអង្គារ។
Liverpool ឆ្លងផុតវគ្គចែកពូល ក្រោយទទួលបានជ័យជម្នះដ៏តានតឹង ដោយលទ្ធផល ១-០ លើក្រុមហុល្លង់ Ajax ទោះកីឡាករមួយចំនួនធំ មិនមានវត្តមានដោយសាររបួស។
Barcelona មិនទាន់របូតពិន្ទុនៅឡើយទេ សម្រាប់៥ប្រកួតនៅក្នុងពូល G ទោះ២ប្រកួតចុងក្រោយគ្មានវត្តមាន Messi ខណៈ Ronaldo រកគ្រាប់បាល់ទី៧៥០ក្នុងអាជីពរបស់ខ្លួន ជួយឱ្យ Juventus យកឈ្នះ Dynamo Kyiv ៣-០។ ថ្វិដ្បិត Barcelona និង Juventus សុទ្ធតែកក់កៅអីទៅវគ្គ១៦ក្រុមជាមួយគ្នា ប៉ុន្ដែពួកគេនឹងព្យាយាមយកជ័យជម្នះក្នុងការប្រកួតចុងក្រោយ ដើម្បីដណ្ដើមតំណែងក្រុមកំពូលតារាង។
រីឯក្រុមការពារជើង Bayern Munich ឡើងទៅវគ្គ១៦ក្រុម ជាមួយនឹងតំណែងកំពូលតារាង ក្រោយវាយបកតាមស្មើ Atletico Madrid ១-១ កាលពីយប់ថ្ងៃអង្គារ។
តើក្រុមណាខ្លះនៅមានឱកាសឡើងទៅវគ្គបន្ទាប់ នៅថ្ងៃប្រកួតចុងក្រោយ?
ការប្រកួតចុងក្រោយនៃវគ្គចែកពូល នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ និង ទី១០ ខែធ្នូ ឆ្នាំ២០២០ ស្របពេលដែលក្រុមមួយចំនួនធំ បានកក់កៅអីរួចរាល់ហើយ ប៉ុន្ដែក្រុមមួយចំនួនទៀតត្រូវប្រកួតប្រជែងគ្នា ដើម្បីមានឱកាសឈានដល់វគ្គ១៦ក្រុម។
- ពូល A: ត្រឹមតែស្មើក៏គ្រប់គ្រាន់ឱ្យ Atletico Madrid ឆ្លងផុតវគ្គចែកពូល ខណៈ RB Salzburg ដែលជាគូប្រជែងរបសពួកគេ ត្រូវការយកឱ្យបាន៣ពិន្ទុជាចាំបាច់។ ក្រុមរបស់លោក Diego Simeone នឹងធ្វើដំណើរទៅប្រកួត នៅទឹកដីរបស់ Salzburg នៅអូទ្រីស វេលាម៉ោង៣៖០០យប់ ថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០២០ ដំណាលគ្នានឹងការប្រកួតរវាង Bayern Munich និង Lokomotiv Moskow។
- ពូល B: Borussia Monchengladbach, Shakhtar Donetsk, Real Madrid និង Inter Milan សុទ្ធតែមានភាគរយក្នុងការឡើងទៅវគ្គបន្ទាប់ ក្នុងការប្រកួតចុងក្រោយ។ Inter Milan នឹងបើកកីឡដ្ឋាន San Siro ស្វាគមន៍ក្រុមភ្ញៀវ Shakhtar ស្របពេលដែល Real Madrid ប្រកួតទល់នឹង Monchengladbach នៅម៉ោង ៣៖០០នាទី ថ្ងៃទី ១០ខែធ្នូ ដូចគ្នា។
- ពូល C: Manchester City ដែលជាក្រុមកំពូលតារាងនៃពូល C ត្រូវប្រកួតទល់នឹងក្រុមបាតតារាង Marseille ហើយ Olympiacos ត្រូវប៉ះ Porto ដែលទាំងពីរគូលេងព្រមគ្នានៅម៉ោង ៣៖០០នាទីយប់ ថ្ងៃទី ១០ ខែធ្នូ។
- ពូល D: Atalanta ត្រូវព្យាយាមយ៉ាងហោចឱ្យបានលទ្ធផលស្មើគ្នា ប៉ុន្ដែ Ajax ត្រូវការឈ្នះក្រុមអ៊ីតាលីមួយនេះ ដើម្បីទទួលបានកៅអីតែមួយដែលនៅសល់។ ការប្រកួតរវាង Ajax និង Atalanta និងមួយគូទៀតរវាង Midtjylland និង Liverpool នឹងធ្វើឡើងនៅថ្ងៃទី ១០ ខែធ្នូ នៅម៉ោង ១២៖៥៥នាទីយប់ដូចគ្នា។
- ពូល E: នៅជុំចុងក្រោយ ក្រុម Chelsea ជួបប្រកួតជាមួយ Krasnodar ហើយ Sevilla នឹងធ្វើដំណើរទៅប្រកួតទល់នឹងក្រុមបារាំង Rennes ដោយការប្រកួតនឹងចាប់ផ្ដើមនៅម៉ោង ៣៖០០នាទីយប់ នៅថ្ងៃទី ៩ ខែធ្នូ។
- ពូល F: Club Brugge ត្រូវការ៣ពិន្ទុក្នុងការប្រកួតចុងក្រោយនៅទឹកដីរបស់ Lazio ស្របពេលដែលក្រុមអ៊ីតាលី ធ្វើយ៉ាងណាត្រូវប្រឹងប្រែង យកឱ្យបាន១ពិន្ទុពីការប្រកួតនេះ។ ជ័យជម្នះក៏សំខាន់ផងដែរសម្រាប់ Lazio ដើម្បីអាចឈរនៅកំពូលតារាង ក្នុងករណីដែល Dortmund មិនអាចយកឈ្នះ Zenit នៅក្នុងការប្រកួតចុងក្រោយ។ ការប្រកួតរវាង Lazio vs. Club Brugge និង Zenit vs. Dortmund នឹងចាប់ផ្ដើមនៅម៉ោង ១២៖៥៥នាទីយប់ ថ្ងៃទី ៩ ខែធ្នូ។
- ពូល G: ការប្រកួតរវាងក្រុម Barcelona និងប្រកួតដណ្ដើមតំណែងក្រុមកំពូលតារាង ជាមួយ Juventus នៅកីឡដ្ឋាន Camp Nou ក្នុងពេលតំណាលគ្នាជាមួយការប្រកួតរវាង Dynamo Kyiv និង Ferncvaros នៅម៉ោង ៣៖០០នាទីយប់ ថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០២០។
- ពូល H: Manchester United, Paris Saint-Germain និង RB Leipzig មាន៩ពិន្ទុដូចគ្នា នៅក្នុងពូលនេះ ប៉ុន្ដែមានតែ២ក្រុមប៉ុណ្ណោះ ក្នុងចំណោមពួកគេអាចឡើងទៅវគ្គ១៦ក្រុមបាន។ PSG នឹងបើកកីឡដ្ឋាន Parc des Princes ទទួលក្រុមភ្ញៀវ Istanbul Besaksehir វេលាម៉ោង ៣៖០០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ស្របពេលដែល Leipzig ប្រកួតទល់នឹង Man United នៅទឹកដីរបស់ក្រុមអាល្លឺម៉ង់។