ទាន់នៅមានក្រុមហ៊ុនជួយឧបត្ថម្ភ អតីតកីឡាករប្រដាល់សកលលេចធ្លោកម្ពុជា ផល សុផាត ផ្ដាំសិស្សប្អូនប្រឹងប្រែងដើម្បីក្ដោបឱកាសនេះឱ្យជាប់

0 នាទីអាន

លោក ផល សុផាត អតីតកីឡាករប្រដាល់សកលលេចធ្លោរបស់កម្ពុជាអំឡុងទសវត្សរ៍ឆ្នាំ២០០០ បានផ្ដាំផ្ញើសិស្សប្អូនបច្ចុប្បន្នត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពឱ្យបានល្អ ទាន់នៅមានក្រុមហ៊ុនវឌ្ឍនៈចូលរួមឧបត្ថម្ភសហការរៀបចំការប្រកួតកម្រិតអាជីពប្រចាំខែ ដែលពីមុនមិនធ្លាប់មានពីមុនមក។

បងប្រុសបង្កើតកីឡាករឆ្នើម ផល សោភ័ណ្ឌ សង្កត់ធ្ងន់ថា យុវជនប្រដាល់សកលកម្ពុជាត្រូវខិតខំរៀនសូត្រតិចនិចតាមប្រទេសដែលខ្លាំងដើម្បីសមត្ថភាពខ្លួនឯង។

ទាក់ទងទៅនឹងសមត្ថភាពយុវជនបច្ចុប្បន្នវិញ លោក ផល សុផាត បានបង្ហាញភាពភ្ញាក់ផ្អើលចំពោះសមត្ថភាពពួកគេ។ លោកថា ទោះបីប្រដាល់សកលកម្ពុជាមិនសូវសម្បូរទីផ្សារប្រកួត ប៉ុន្តែសិស្សប្អូនបច្ចុប្បន្នមានបច្ចេកទេសរីកចម្រើន ដែលលោកនឹកស្មានមិនដល់ ហើយក៏អាចធ្វើឱ្យប្រទេសជិតខាងកោតសរសើរបានដែរ។

លោក ផល សុផាត ជាប់ជម្រើសជាតិប្រដាល់សកល ពីចន្លោះឆ្នាំ២០០៣ដល់២០១១។ លោកធ្លាប់ឈ្នះមេដាយប្រាក់ស៊ីហ្គេមនៅប្រទេសឡាវ ដែលកាលណោះលោកបានផ្ដួលកីឡាករម៉ាឡេស៊ី ក្នុងវគ្គ៨នាក់ និងឥណ្ឌូនេស៊ី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនចាញ់កីឡាករហ្វីលីពីនវគ្គផ្ដាច់ព្រ័ត្រ។ លោកក៏ទទួលបានមេដាយសំរឹទ្ធមិត្តភាព៤២ប្រទេសនៅក្រុងក្វាងចូវប្រទេស។

សូមជម្រាបថា សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានចាប់ផ្ដើមកម្មវិធីប្រដាល់សកលអាជីពប្រចាំខែរបស់ខ្លួន កាលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឬ Dragon the Golden Ring ដោយមានការឧបត្ថម្ភដោយក្រុមហ៊ុនវឌ្ឍនៈ៕