លោក ធឿន និងអ្នកស្រី ស្រីអូន ឪពុកម្ដាយបង្កើតយុវជន រ៉ាត់ សីហា ប្រាប់ថា បានចំណាយពេលធ្វើដំណើរពីគេហដ្ឋាននៅស្រុកបាទី ខេត្តតាកែវ មករាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្តកូនប្រុសក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ប៉ូការីស្វេត ជើងឯកវិទ្យាល័យ។

អ្នកស្រី ស្រីអូន ថ្លែងថា បានចំណាយពេលធ្វើដំណើររយៈពេលជាងមួយម៉ោងពីផ្ទះមកកាន់ទីលាននៅរាជធានីភ្នំពេញ ហើយក៏បានទៅមើលគ្រប់ការប្រកួតរបស់កូនប្រុសតែម្ដង មិនថា នៅទីលានវិទ្យាល័យ សម្ដេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ ឬវិទ្យាល័យ ជាស៊ីម ជ្រោយចង្វានោះទេ គឺមិនដែលនឿយហត់ និងមិនស្ដាយពេលវេលាឡើយ ទោះបច្ចុប្បន្នអ្នកស្រីមានមុខរបរលក់ដូរនៅផ្ទះដែរក្ដី។
រ៉ាត់ សីហា បានផ្លាស់មករស់នៅរាជធានីភ្នំពេញ កាលពីឆ្នាំទៅមិញ និងបានចូលរួមជួយក្រុមវិទ្យាល័យឥន្ទ្រទេវីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ប៉ូការីស្វេត ជើងឯកវិទ្យាល័យ
រដូវកាលនេះ៕

