ការប្រកួតវាយសីដ៏ពិសេសមួយមានវិញ្ញាសាអាយុលើ៥០ឆ្នាំដើម្បីបង្ហាញគំរូដល់យុវជនក្នុងសកម្មភាពកីឡា

0 នាទីអាន

ការប្រកួតកីឡាវាយសីលក្ខណៈមហាជនមួយឈ្មោះថា Maestria Paint Tournament បានប្រព្រឹត្តទៅកាលថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ នាទីលានមួយកន្លែងក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អ្នកនាង ពៅ សុខសុភ័ក្ត្រា តំណាងគណៈកម្មការប្រកួតបានឱ្យដឹងថា នេះជាលើកទី១ហើយដែលការប្រកួតត្រូវបនាបង្កើតឡើងដើម្បីចូលរួមបំផុសចលនាកីឡា ជាពិសេសកីឡាវាយសី និងលើកស្ទួយសកម្មភាពកីឡាដើម្បីសុខភាព និងមិត្តភាព។

ការប្រកួតនេះ មាន៣ប្រភេទវិញ្ញាសា គឺវិញ្ញាសាអាយុចន្លោះ១៦ដល់៣៥ឆ្នាំ វិញ្ញាសាអាយុលើ៥០ឆ្នាំ និងវិញ្ញាសាពិសេស។

តំណាងគណៈកម្មការរៀបចំដដែលសង្កត់ធ្ងន់ថា ការសម្រេចឱ្យមានវិញ្ញាសាលើ៥០ឆ្នាំ ដើម្បីជាគំរូដល់យុវជនឱ្យចូលរួមលេងកីឡា។

អ្នកនាង ពៅ សុខសុភ័ក្ត្រា បង្ហើបថា បន្ទាប់ពីទទួលបានជោគជ័យនៅលើកទី១ នេះ គណៈកម្មការនឹងបន្តរៀបចំនៅលើកក្រោយៗទៀត ដោយអាចមានបន្ថែមនូវវិញ្ញាសានារី និងវ័យចំណាស់ អាយុកាន់តែច្រើនជាងនេះទៀត៕