Skip to content
    ទំព័រដើម  »  កីឡាជាតិ

ប្រធានក្រុមបាល់ទាត់តំណាងកម្ពុជាទៅលេងពាននៅអង់គ្លេសនឹងឆ្លៀតឱកាសនេះផ្សព្វផ្សាយទេសចរណ៍កម្ពុជា

លោក ស្រេង លៀងសរ ប្រធានក្រុមបាល់ទាត់ធនាគារស្ថាបនាក្រោយក្លាយជាជើងឯកពានរង្វាន់បាល់ទាត់ AIA Corporate Cup 2024 បានបង្ហាញអារម្មណ៍សប្បាយរីករាយខ្លាំងសម្រាប់ឱកាសមួយនេះ។ បុគ្គលិកធនាគារដដែលក៏បានបន្តថាការបានទៅប្រកួតប្រជែងបាល់ទាត់លំដាប់អន្តរជាតិបែបនេះ នឹងយកឱកាសដ៏កម្រនេះធ្វើការផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ប្រទេសកម្ពុជាឱ្យបរទេសកាន់តែស្គាល់អំពីប្រទេសយើងកាន់តែច្បាស់មួយកម្រិតទៀត។

កីឡាករមានប្រភពពីស្រុកស្អាងនេះក៏បន្ថែមថាលោក នឹងពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនក្នុងការរៀបចំផលិតជាវីដេអូនៅតាមតំបន់ទេសចរណ៍ផ្សេងៗរបស់ប្រទេសយើង និងត្រៀមវត្ថុអនុស្សាវរីយសម្គាល់ឱ្យប្រទេសកម្ពុជា ដើម្បីជូនដល់ក្រុមជាដៃគូ AIA មកពីជុំវិញពិភពលោក។ ខ្សែប្រយុទ្ធពាក់លេខ ៩៣ ក៏បានសង្កត់ធ្ងន់ថាក្រុមទាំងមូលមិនរំពឹងទុកថាធ្វើបានល្អសម្រាប់ការចេញទៅប្រកួតនៅទីក្រុងឡុងដ៍នេះ តែក៏ប្តេជ្ញាថាមិនឱ្យលទ្ធផលចេញមកអាក្រក់ពេកនោះទេ។

“មុនយើងទៅអាចត្រៀមផលិតវីដេអូដើម្បីតំណាងឱ្យប្រទេសយើង យើងបង្ហាញទាំងអស់គ្នាក្នុងនាមជាជនជាតិខ្មែរថាប្រទេសយើងមានអ្វី ដើម្បីទាក់ទាញទេសចរណ៍ពីបរទេស។”  

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ធនាគារស្ថាបនាមុនក្លាយជាក្រុមតំណាងឱ្យកម្ពុជានេះ ក្នុងវគ្គ៨ក្រុមចុងក្រោយបានប្រកួតឈ្នះលើក្រុម MJQ ដល់តានតឹង ៥ទល់៤, បន្តឈ្នះក្រុម Heineken ក្នុងបាល់ប៉េណាល់ទី ៤ទល់៣ និងក្នុងវគ្គផ្តាច់ព្រ័ត្របានយកឈ្នះលើក្រុមបាល់ទាត់សាលារៀនអន្តរជាតិ CIA ក្នុងលទ្ធផលប្រភិតប្រផើយ ៣ទល់នឹង២៕