កីឡាការិនីបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិជប៉ុនដ៏ល្បីឈ្មោះ កញ្ញា Noa Kinugasa កំពុងតែឆក់យកបេះដូងអ្នកគាំទ្រជាថ្មីម្តងទៀត បន្ទាប់ពីនាងបានបង្ហោះរូបភាពបង្អួតរាងក្នុងឯកសណ្ឋានប្រកួតថ្មីនៅលើបណ្តាញសង្គម Instagram ផ្ទាល់ខ្លួន។ ការបង្ហាញខ្លួនក្នុងឈុតប៊ីគីនីកីឡាដ៏ទាក់ទាញនេះ បានធ្វើឱ្យមានការជែកវែកញែក និងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនានា។


យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkan Sports នៅថ្ងៃទី១៨ បានឱ្យដឹងថា នៅក្នុងការអាប់ដេតលើកនេះ Kinugasa បានចែករំលែករូបភាពចំនួន ៤សន្លឹក ដោយបង្ហាញពីស្ទីលឯកសណ្ឋានពីរផ្សេងគ្នា។ រូបភាពពីរដំបូង នាងបានគ្រងឈុតដែលមានការលាយពណ៌យ៉ាងស្រស់ស្អាត រវាងពណ៌ផ្កាឈូក ពណ៌ក្រូច និងពណ៌លឿង ចំណែកឯរូបភាពពីរចុងក្រោយ គឺឈុតដែលរួមបញ្ចូលគ្នារវាងពណ៌ខៀវ និងពណ៌ផ្កាឈូកយ៉ាងលេចធ្លោ។
នៅក្នុងរូបភាពទាំងនោះ កីឡាការិនីរូបនេះបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងមានភាពរស់រវើក ដោយចងសក់កន្ទុយសេះ ពាក់មួកការពារកម្តៅថ្ងៃពណ៌ស និងវ៉ែនតាពណ៌ខៀវ ដែលបង្កើតបានជាបរិយាកាសដ៏ត្រជាក់ភ្នែក។ រូបភាពទាំងនោះក៏បានបង្ហាញពីសកម្មភាពដ៏ស្វាហាប់របស់នាង ក្នុងកាយវិការត្រៀមទទួលបាល់ និងការទះដៃអបអរជាមួយមិត្តរួមក្រុមផងដែរ។


Noa Kinugasa មិនត្រឹមតែជាកីឡាការិនីបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិដែលមានសមត្ថភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ជាតារាដ៏មានប្រជាប្រិយភាព និងមានអ្នកគាំទ្រយ៉ាងច្រើនលើសលប់ ដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាត និងភាពលេចធ្លោរបស់នាង។ បច្ចុប្បន្ន នាងបានក្លាយជាអ្នកដឹកនាំនិន្នាការក្នុងវិស័យផ្សេងៗដូចជា ម៉ូដសម្លៀកបំពាក់ និងសម្រស់ ដែលធ្វើឱ្យរាល់សកម្មភាពរបស់នាងតែងតែស្ថិតក្នុងចំណាប់អារម្មណ៍របស់សាធារណជនជានិច្ច។
គួររំលឹកផងដែរថា កន្លងមក Kinugasa ក៏ធ្លាប់បានឈរនៅចំកណ្តាលនៃរលកចម្រូងចម្រាសម្តងរួចមកហើយ ក្រោយពេលដែលនាងបានថតរូបក្នុងឈុតប៊ីគីនីឱ្យទស្សនាវដ្តីបុរសជប៉ុនដ៏ល្បី “Weekly Playboy”។ វីដេអូឃ្លីបនោះត្រូវបានណែនាំក្រោមចំណងជើងថា «ការប្រកួតប្រជែង Gravure ដោយកីឡាការិនីបាល់ទះឆ្នេរខ្សាច់ដែលកំពុងរះឡើង ដែលកំពុងមានគោលបំណងសម្រាប់ព្រឹត្តិការណ៍អូឡាំពិក LA ឆ្នាំ ២០២៨» ដែលបង្កឱ្យមានមតិរិះគន់មួយចំនួនពីអ្នកគាំទ្រ ដែលយល់ថារូបភាពទាំងនោះហាក់មានលក្ខណៈស៊ិចស៊ីខ្លាំងពេកសម្រាប់កីឡាការិនីតំណាងជាតិ។

ទោះជាយ៉ាងណាក៏ដោយ កីឡាការិនីរូបនេះបានបង្ហាញជំហរច្បាស់ៗថា នាងមិនខ្វល់ខ្វាយចំពោះការរិះគន់ពីសាធារណជននោះឡើយ ព្រោះគោលបំណងចម្បងរបស់នាងគឺការផ្សព្វផ្សាយពីខ្លួនឯងផង និងដើម្បីលើកស្ទួយប្រភេទកីឡាបាល់ទះឆ្នេរខ្សាច់នេះឱ្យកាន់តែមានគេស្គាល់ទូលំទូលាយផងដែរ។
ការបង្ហោះរូបភាពឈុតរដូវក្តៅថ្មីនៅថ្ងៃនេះ បានបញ្ជាក់យ៉ាងច្បាស់ពីប្រជាប្រិយភាពរបស់នាង ដោយអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិសរសើរថា ឈុតនេះពិតជាគួរឱ្យស្រឡាញ់ខ្លាំងណាស់ ហើយរូបរាងរបស់នាងគឺមើលទៅស្អាតមិនចាញ់តារា Idol នោះឡើយ។
