Chelsea, Liverpool និង Man Utd ចង់បាន Bowen – ព័ត៌មាន​ចចាមអារ៉ាម​ថ្ងៃពុធ

ក្លឹប Chelsea, Liverpool និង Manchester United ចាប់អារម្មណ៍លើ Jarrod Bowen ខណៈក្លឹប Barcelona ចង់បន្តការផ្ទេរយក Joao Pedro ហើយលោក Pep Guardiola គាំទ្រ Enzo Maresca ជាអ្នកស្នងតំណែងរបស់លោកនៅក្លឹប Manchester City។

1 នាទីអាន

ថ្ងៃពុធ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦

ទីផ្សារដោះដូរកីឡាករនារដូវក្ដៅខាងមុខនេះកំពុងតែមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីមានលេចឮព័ត៌មានថា ក្លឹបយក្សនៅក្របខ័ណ្ឌ Premier League រួមមាន Chelsea, Liverpool និង Manchester United កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងលើខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Jarrod Bowen។ ក្លឹបធំៗទាំងបីនេះកំពុងរង់ចាំឱកាសដើម្បីឆក់យកតារាឆ្នើមវ័យ ២៩ ឆ្នាំរូបនេះពី West Ham ស្របពេលដែលក្លឹបញញួរធំកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ប្រសិនបើត្រូវបានកាត់ចេញពី Premier League។

ដោយឡែក ព័ត៌មានពីប្រទេសអេស្ប៉ាញបានរាយការណ៍ថា ក្លឹបអ្នកមានបុណ្យ Barcelona បានសម្រេចចិត្តដកថយពីការចាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Julian Alvarez របស់ Atletico Madrid ហើយ។ ផ្ទុយទៅវិញ ក្្លឹបយក្សកាតាឡានមួយនេះបានបង្វែរគោលដៅទៅដេញថ្លៃយកខ្សែប្រយុទ្ធប្រេស៊ីលវ័យ ២៤ ឆ្នាំ Joao Pedro របស់ Chelsea ជំនួសវិញ។

ចំពោះរឿងរ៉ាវនៅលើកៅអីអ្នកចាត់ការវិញ លោក Pep Guardiola គ្រូបង្វឹករបស់ Manchester City បានចេញមុខគាំទ្រលោក Enzo Maresca ឱ្យមកស្នងតំណែងរបស់លោកនៅទឹកដី Etihad។ អតីតគ្រូបង្វឹក Chelsea រូបនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លឹបកំពូលៗដូចជា AC Milan, Tottenham Hotspur និង Real Madrid។ បន្ទាប់ពីចាកចេញពី Manchester City ទៅ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Pep Guardiola គ្រោងនឹងសម្រាកពីវិស័យបាល់ទាត់រយៈពេលមួយឆ្នាំ មុនពេលឈានជើងទៅដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិណាមួយ។

ស្របពេលជាមួយគ្នានេះ ក្លឹបព័រទុយហ្គាល់ Benfica កំពុងស្វែងរកគ្រូបង្វឹកថ្មីដើម្បីជំនួសតំណែងលោក Jose Mourinho ដែលរៀបនឹងផ្លាស់ទៅដឹកនាំ Real Madrid។ ក្នុងនោះ លោក Marco Silva គ្រូបង្វឹករបស់ Fulham និងលោក Ruben Amorim អតីតអ្នកចាត់ការ Manchester United សុទ្ធសឹងតែជាបេក្ខភាពឈានមុខគេដែល Benfica ចង់បាន។ ចំណែកឯតារាឆ្នើមរបស់ Roma គឺខ្សែប្រយុទ្ធ Paulo Dybala វ័យ ៣២ ឆ្នាំ ក៏បានបើកចំហចិត្តរួចរាល់ក្នុងការផ្លាស់មកប្រកួតប្រជែងនៅក្របខ័ណ្ឌ Premier League នារដូវក្ដៅនេះផងដែរ។

ងាកមកមើលការប្រជែងកីឡាករវ័យក្មេងវិញ Atletico Madrid និង Borussia Dortmund កំពុងតែបើកការចរចាប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីនាំយកខ្សែបម្រើ Matt O’Riley របស់ Brighton ខណៈដែលលោក Roberto de Zerbi គ្រូបង្វឹករបស់ Tottenham ក៏ជាអ្នកគាំទ្រដ៏ធំម្នាក់របស់កីឡាករវ័យ ២៥ ឆ្នាំរូបនេះដែរ។ បន្ថែមពីនេះ Real Madrid កំពុងពិចារណាលក់ខ្សែបម្រើសញ្ជាតិអ៊ុយរ៉ូហ្គាយ Federico Valverde នារដូវក្ដៅនេះ ដែលនេះជាឱកាសមាសសម្រាប់ក្លឹបដទៃ។

ជាចុងក្រោយ ក្លឹបស្ករគ្រាប់ Everton កំពុងតែមមាញឹកខ្លាំងក្នុងទីផ្សារដោះដូរ ដោយពួកគេកំពុងតាមទិញខ្សែប្រយុទ្ធស្លាបសញ្ជាតិឈីលី Dario Osorio វ័យ ២២ ឆ្នាំពីក្លឹប FC Midtjylland។ ការចរចាមួយនេះ ត្រូវបានគេដឹងថានឹងមិនជះឥទ្ធិពលដល់ការទិញដាច់ខ្សែប្រយុទ្ធ Jack Grealish វ័យ ៣០ ឆ្នាំពី Manchester City បន្ទាប់ពីការខ្ចីជើងដោយជោគជ័យនោះឡើយ។ ក្រៅពីនេះ Everton ក៏បានបង្ហាញការចាប់អារម្មណ៍ឡើងវិញលើខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរបស់ Leicester City និងជម្រើសជាតិហ្គាណា គឺកីឡាករ Abdul Fatawu ផងដែរ ដែលធ្វើឱ្យក្លឹបមួយនេះកាន់តែមានសង្ឃឹមក្នុងការងើបឡើងវិញនៅរដូវកាលក្រោយ។