រឿងរ៉ាវចម្លែក៖ កីឡាករវាយកូនបាល់ម្នាក់ទាញខោខ្លីចុះក្រោម បង្ហាញខោក្នុងកណ្តាលការប្រកួតព្រោះខឹងចិត្ត

កីឡាករវាយកូនបាល់ Corentin Moutet បង្កើតរឿងអាស្រូវថ្មីដោយការស្រាតខោពាក់កណ្តាលតារាងក្នុងព្រឹត្តិការណ៍ Hamburg Open ឆ្នាំ ២០២៦។

1 នាទីអាន

ពិភពកីឡាវាយកូនបាល់ (Tennis) បានជួបការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីកីឡាករជនជាតិបារាំង Corentin Moutet ដែលបច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ ៣២ ពិភពលោក បានបង្ហាញអាកប្បកិរិយាមិនសមរម្យមួយ ដោយការទាញទម្លាក់ខោខ្លីរបស់ខ្លួនចុះក្រោម និងបង្ហាញខោក្នុងចំកណ្តាលការប្រកួត បន្ទាប់ពីមិនអាចគ្រប់គ្រងអារម្មណ៍ខឹងសម្បាររបស់ខ្លួនបាន។

ហេតុការណ៍ដ៏មិននឹកស្មានដល់នេះបានកើតឡើងកាលពីថ្ងៃចន្ទ ទី១៨ ក្នុងព្រឹត្តិការណ៍ Hamburg Open កម្រិត ATP 500 នៅក្នុងប្រទេសអាល្លឺម៉ង់ អំឡុងការប្រកួតជុំទីមួយរវាង Corentin Moutet និងកីឡាករអេស្ប៉ាញ Alejandro Davidovich Fokina។ នៅក្នុងវគ្គប្រកួតនោះ បន្ទាប់ពី Moutet បានវាយខុសបច្ចេកទេស និងបាត់បង់ពិន្ទុទៅឱ្យគូប្រកួតតាមរយៈការវាយកាត់ផ្តាច់យ៉ាងល្អពីសំណាក់ Fokina ភ្លាមនោះ Moutet បានផ្ទុះកំហឹងយ៉ាងខ្លាំង។ រូបគេបានគ្រវែងរ៉ាកែតទៅលើតារាងប្រកួត ហើយស្រាប់តែទាញទម្លាក់ខោខ្លីរបស់ខ្លួនចុះក្រោមមកត្រឹមកំភួនជើង បង្ហាញឱ្យឃើញខោក្នុងពណ៌ខ្មៅ រួចយកដៃទាំងពីរខ្ទប់ក្បាលបង្ហាញពីការខកចិត្តយ៉ាងខ្លាំង។

សកម្មភាពដ៏ចម្លែកនេះបានធ្វើឱ្យអ្នកគាំទ្រ និងទស្សនិកជននៅក្នុងកីឡដ្ឋានទាំងមូលមានការស្រឡាំងកាំងជាខ្លាំង។ ទោះបីជាមានទស្សនិកជនខ្លះផ្ទុះសំណើចចំពោះទង្វើនេះក៏ដោយ ប៉ុន្តែបរិយាកាសទូទៅនៅក្នុងទីលានគឺពោរពេញដោយភាពហួសចិត្ត និងការភ្ញាក់ផ្អើល។ ភ្លាមៗនោះ Moutet បានទាញខោរបស់គេឡើងលើវិញដើម្បីបន្តការប្រកួត ប៉ុន្តែសកម្មភាពខ្វះវិជ្ជាជីវៈនេះមិនអាចរួចផុតពីភ្នែកអាជ្ញាកណ្តាលឡើយ ដោយរូបគេបានរងការព្រមានជាផ្លូវការ (Official Warning) ពីអាជ្ញាកណ្តាលចំកណ្តាលទីលានចំពោះអាកប្បកិរិយាខ្វះស្មារតីកីឡានេះ។

បន្ទាប់ពីជួបការរំខានផ្លូវអារម្មណ៍ និងមិនអាចទាញយកទម្រង់លេងល្អមកវិញបាន កីឡាករដែលល្បីខាងចិត្តក្តៅរូបនេះ បានរងបរាជ័យក្រោមថ្វីដៃរបស់ Alejandro Davidovich Fokina ក្នុងលទ្ធផល ២ សិតទល់នឹង ០ (៦-៤ និង ៦-៤) ដែលបណ្តាលឱ្យរូបគេត្រូវហាលអាវត្រឹមជុំដំបូងនៃពានរង្វាន់នេះតែម្តង។

ក្រោយបញ្ចប់ការប្រកួត បណ្តាញសារព័ត៌មានអន្តរជាតិធំៗ រួមទាំងការរិះគន់ពីសំណាក់អ្នកគាំទ្រនៅលើបណ្តាញសង្គម បានសម្រុកវាយប្រហារលើរូបគេយ៉ាងចាស់ដៃ។ មហាជនជាច្រើនបានលើកឡើងថា ទង្វើរបស់ Moutet គឺជារឿង “អសីលធម៌ និងខ្វះការអប់រំ” ហើយអ្នកខ្លះទៀតបានបញ្ចេញមតិថា អាជ្ញាកណ្តាលគួរតែបណ្តេញរូបគេចេញពីការប្រកួតភ្លាមៗទើបសមរម្យ។

ការធ្លាក់ចុះទម្រង់លេង និងការមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាននេះ កំពុងក្លាយជាក្តីព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់អនាគតរបស់ Corentin Moutet ព្រោះគិតចាប់តាំងពីដើមខែមេសាមក រូបគេទើបតែឈ្នះបាន ៣ ប្រកួតប៉ុណ្ណោះ និងបានធ្លាក់ត្រឹមជុំទីមួយទាំងនៅក្នុងព្រឹត្តិការណ៍ Madrid Open និង Italian Open។ លទ្ធផលមិនគាប់ប្រសើរទាំងនេះ បានធ្វើឱ្យអ្នកគាំទ្របារម្ភយ៉ាងខ្លាំង ខណៈដែលព្រឹត្តិការណ៍ធំកម្រិត Grand Slam គឺ French Open (Roland Garros) ឆ្នាំ ២០២៦ កំពុងតែខិតជិតមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។