ប្រវត្តិសាស្ត្រថ្មីក្នុង UFC! កីឡាការិនី Alice Ardelean ប្រើក្បាច់ចម្លែកអស្ចារ្យ ‘Capsule Lock’ ឲ្យគូប្រកួតចុះចាញ់ ទាំងកំពុងរងការវាយសម្រុក

ស្មានមិនដល់! អ្នកកំពុងបុកសម្រុកវាយសង្រ្គប់ស្រាប់តែគោះដៃចុះចាញ់ ផ្អើលសង្វៀន UFC ជាមួយក្បាច់កម្រមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ!

1 នាទីអាន

រឿងរ៉ាវដ៏កម្រ និងមិនធ្លាប់មានពីមុនមក បានកើតឡើងនៅក្នុងសង្វៀនប្រយុទ្ធលំដាប់ពិភពលោក UFC បន្ទាប់ពីកីឡាការិនីឆ្នើមម្នាក់ បានបង្កើតការភ្ញាក់ផ្អើលពេញពិភពគុនចម្រុះ (MMA) ដោយសារតែការយកឈ្នះគូប្រកួតតាមរយៈក្បាច់ដ៏កម្របំផុត ដែលសូម្បីតែអ្នកជំនាញក៏ស្ទើរតែមិនដែលបានឃើញក្នុងជំនួបផ្លូវការដែរ។

ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន ‘efight’ បានចុះផ្សាយថា ព្រឹត្តិការណ៍ដ៏មិននឹកស្មានដល់នេះបានកើតឡើងនៅពេលដែល «កីឡាការិនីដែលកំពុងតែវាយសម្រុកទៅលើដៃគូ ស្រាប់តែប្រកាសចុះចាញ់ (Tap Out) ទៅវិញយ៉ាងទាន់ហន់»។ តួអង្គឯកដែលប្រព័ន្ធផ្សព្វផ្សាយលើកឡើងនោះ គឺកីឡាការិនីសញ្ជាតិរ៉ូម៉ានី Alice Ardelean ដែលប្រកួតក្នុងប្រភេទទម្ងន់ Strawweight របស់ UFC។

នៅក្នុងព្រឹត្តិការណ៍ ‘UFC Fight Night: Allen vs. Costa‘ ដែលបានរៀបចំឡើងនៅសង្វៀន Meta Apex ក្នុងទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក កីឡាការិនី Alice Ardelean បានកសាងប្រវត្តិសាស្ត្រថ្មីមួយ ដោយបានយកឈ្នះគូប្រកួត Polyana Viana មកពីប្រទេសប្រេស៊ីល នៅក្នុងទឹកទី២ នាទីទី ៤:៣៦។ Ardelean បានបង្ខំឲ្យ Viana គោះដៃចុះចាញ់តាមរយៈក្បាច់ស្នៀតគាបកាច់ជង្គង់ ឬសរសៃពួរជើងដែលមានឈ្មោះថា “Capsule Lock”។

ក្បាច់ “Capsule Lock” នេះ គឺជាបច្ចេកទេសទប់ទល់មួយដែលមាន​ឫសគល់​ពី Brazilian Jiu-Jitsu ឬ BJJ។ តាមពិតទៅ វាគឺជា​បច្ចេកទេស​ដែលកម្រ​ឃើញ​នៅក្នុង​ការប្រកួត​រវាង​អ្នក​ហាត់ Jiu-Jitsu ដែលមាន​ជំនាញ ឬ​អ្នកប្រយុទ្ធ MMA ណាស់ ព្រោះវាត្រូវបានគេចាត់ទុកថាជាបច្ចេកទេសមូលដ្ឋាន ដែលអាចប្រើបានផលតែទៅលើអ្នកទើបតែហាត់ដំបូង ឬខ្សែក្រវាត់ស (White Belts) ប៉ុណ្ណោះ។ របាយការណ៍ពីប្រភពព័ត៌មានបានបញ្ជាក់ថា ជ័យជម្នះរបស់ Ardelean នាពេលនេះ គឺជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ UFC ដែលមានការយកឈ្នះដោយប្រើក្បាច់ Capsule Lock។

ក្រឡេកទៅមើលទិដ្ឋភាពនៅលើសង្វៀន មុនពេលឈានដល់ការចុះចាញ់ ស្ថានភាពនៅលើក្តាររេញគឺស្ថិតក្នុងទម្រង់ដេក (Ground fighting) ដោយ Ardelean ត្រូវបានគ្រប់គ្រង និងចងជើងជាប់ដោយក្បាច់ Body Triangle ពីសំណាក់ Viana ដែលកំពុងដេកផ្ងារនៅខាងក្រោម។ ក្នុងស្ថានភាពចំណេញនោះ Viana បានព្យាយាមវាយសង្គ្រប់ និងបុកកែងយ៉ាងខ្លាំងៗទៅលើផ្ទៃមុខរបស់ Ardelean។

នៅពេលនោះ Viana បានប្រើជើងស្តាំព័ទ្ធខ្នងរបស់ Ardelean ហើយយកជើងឆ្វេងខ្វែងពីលើកងជើងស្តាំរបស់ខ្លួន ដើម្បីចងរឹតខ្លួនរបស់ Ardelean ឲ្យជាប់។ ភ្លាមៗនោះ Ardelean ដែលកំពុងលុតជង្គង់នៅលើក្តាររេញ បានចាប់ផ្តើមរំកិលជើងស្តាំរបស់ខ្លួនដើម្បីសង្កត់ទៅលើជើងឆ្វេងរបស់ Viana។ បន្ទាប់មក នាងបានបន្តរំកិលជើងឆ្វេងរបស់នាងបន្ថែមទៀត ដោយប្រើភ្លៅឆ្វេងសង្កត់យ៉ាងខ្លាំងទៅលើខ្នងជើងឆ្វេងរបស់ Viana (បង្កើតទៅជាសម្ពាធបត់ជើងបំបែកគន្លាក់ ឬ Calf Slicer) ដើម្បីបង្ខំឲ្យមានការចុះចាញ់។

សម្ពាធដ៏ធ្ងន់ធ្ងរដែលសង្កត់ទៅលើកជើងឆ្វេងរបស់ Viana បានធ្វើឲ្យនាងរងការឈឺចាប់យ៉ាងខ្លាំង រហូតដល់ថ្នាក់ទប់ទឹកមុខមិនជាប់ ហើយក៏បានសម្រេចចិត្តគោះក្តាររេញសុំចុះចាញ់ភ្លាមៗតែម្តង។

ក្រោយបញ្ចប់ការប្រកួត កីឡាការិនីឆ្នើមដែលរកបានជ័យជម្នះតាមរយៈក្បាច់ដ៏កម្ររូបនេះ បានទម្លាយឲ្យដឹងទាំងអារម្មណ៍រំភើបថា៖ «វាជាបច្ចេកទេសដែលខ្ញុំបានឃើញនៅលើបណ្តាញសង្គម Instagram។ ខ្ញុំដឹងថានាង (Viana) ចូលចិត្តប្រើក្បាច់ Body Triangle ណាស់។ នៅពេលប្រកួត ខ្ញុំថែមទាំងត្រូវនាងបុកកែងចំទៀតផង។ ពេលនោះខ្ញុំមិនដឹងថាត្រូវធ្វើអ្វីឡើយ ទើបខ្ញុំសម្រេចចិត្តសាកល្បងប្រើប្រាស់បច្ចេកទេសមួយនោះតែម្តងទៅ»។

ជ័យជម្នះដ៏អស្ចារ្យនេះ បានជួយឲ្យ Alice Ardelean ទទួលបានការឈ្នះ ៣ប្រកួតជាប់ៗគ្នានៅក្នុងសង្វៀន UFC ព្រមទាំងទទួលបានពានរង្វាន់កិត្តិយស ‘Performance of the Night’ រួមជាមួយប្រាក់រង្វាន់លើកទឹកចិត្តបន្ថែម (Bonus) រហូតដល់ ១០០,០០០ ដុល្លារអាមេរិក ទៀតផង៕