កុមារា កុមារី និងមាតាបិតាជាង១០០០នាក់បានចូលរួមទិវាកីឡាកម្សាន្ដសម្រាប់កុមារដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នាបរិវេណទីលានកីឡានៃសាលាឯកជនមួយកន្លែងនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា នេះជាជំហានទី១ក្នុងការចូលរួមផ្សព្វផ្សាយចលនាអូឡាំពិក និង បំផុសសកម្មភាពកីឡាចាប់តាំងពីកុមារតូចៗឡើងទៅ។
មិនតែប៉ុណ្ណោះនេះក៏ជាការបញ្ជ្រាបសកម្មភាពកីឡាបន្ថែមក្នុងវិស័យអប់រំដល់សិស្សានុសិស្សពីលើការបណ្ដុះបណ្ដាលនូវចំណេះដឹង និងស្មារតី។ ឯកឧត្ដមរដ្ឋលេខាធិការសង្កត់ធ្ងន់ថា ការអប់រំកាយ និងកីឡា គឺជាមូលដ្ឋានដ៏សំខាន់មួយជួយឱ្យសិស្សានុសិស្សមានសុខភាពល្អ និង ស្ថិរភាពក្នុងការសិក្សា។
ផ្ដើមចេញពីសកម្មភាពពេលនេះ ឯកឧត្ដម វ៉ាត់ ចំរើន មានប្រសាសន៍ថា គឺជាគំរូមួយដល់គ្រឹះស្ថានអប់រំដទៃទៀត ចូលរួមបំផុសកាន់តែច្រើនដល់សកម្មភាពកីឡាដែលប្រកបដោយភាពស្តង់ដារ
ហើយចាប់ផ្ដើមការលេងកីឡាលក្ខណៈសុខភាពបែបនេះ កុមារទាំងអស់ក៏នឹងអាចដុះគំនិតឈានទៅលេងកីឡាជំនាញដើម្បីក្លាយជាធនធានឆ្នើមសម្រាប់ជាតិនាពេលអនាគត។
សម្រាប់សកម្មភាពកីឡាដែលត្រូវបានដាក់ឱ្យកុមារា កុមារី ទាំងអស់បានប្រកួតប្រជែងគ្នា មានចំនួន៦ គឺកីឡា បាល់ទាត់ បាល់បោះ វាយសី វាយកូនហ្គោល កីឡារត់ និង កីឡាប្រជ្ញាអូឡាំពិក ដែលសុទ្ធតែជាប្រភេទកីឡាជួយបង្កើនបញ្ញា និងភាពវាងវៃដល់កុមារ៕
