លោក ជ័យ ណារ៉ា អតីតកីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជាអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ បានរំឭកថា កីឡាប្រដាល់សកលនាពេលនោះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។ ជាក់ស្ដែងពេលមានការប្រកួតម្ដងៗ នៅពហុកីឡដ្ឋានជាតិអូឡាំពិក មានអ្នកចូលទស្សនាយ៉ាងណែនណាន់តាន់តាប់។
ក្នុងអាជីពកីឡាប្រដាល់ពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩៧ លោក ជ័យ ណារ៉ា ទទួលបានពានរង្វាន់យ៉ាងច្រើនហូរហែទាំងក្នុងស្រុក និងក្រៅប្រទេស។ បច្ចុប្បន្នលោក គឺជាគ្រូបង្គោលក្រុមកីឡាប្រដាល់សកលជម្រើសជាតិកម្ពុជា៕
