កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាចំនួន១៨រូបមានទាំងកម្រិតថ្នាល និងក្រុមធំបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិមរកតេជោ នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីឆ្ពោះទៅចូលរួមព្រឹត្តិការណ៍កីឡារាំជើងឯកអាស៊ី និងអាស៊ីអាគ្នេយ៍ នៅប្រទេសម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែកក្កដា។
ជុំវិញការចូលរួមការប្រកួតនេះ លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា មានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីផ្ដល់បទពិសោធដល់កីឡាករកីឡាការិនីកម្រិតថ្នាល និងជាឱកាសសម្រាប់កីឡាករ កីឡាការិនីក្រុមធំប្រជែងមេដាយបន្ថែមទៀតជូនជាតិមាតុភូមិ។ លោកជំទាវប្រមុខសហព័ន្ធជឿជាក់ថា កីឡាករ កីឡាការិនីទាំងអស់នឹងអាចប្រជែងបានមេដាយដោយជោគជ័យ ជាពិសេសក្រុមយុវជនថ្នាលក៏អាចដណ្ដើមបាន ព្រោះសុទ្ធតែជាអ្នកមានសមត្ថភាពល្អ។
ដូច្នេះនេះជាការត្រៀមយ៉ាងល្អសម្រាប់យុវជនកម្ពុជាឆ្ពោះទៅកាន់ការប្រកួតកម្រិតពិភពលោកនាពេលខាងមុខ។
អ្នកស្រី ហង្ស ស៊ីម៉ន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាមានប្រសាសន៍ថា ក្រៅតែពីវិញ្ញាសាជាគូ កម្ពុជាក៏នឹងប្រកួតវិញ្ញាសាឯកត្តជននារី ឬ Female Solo។ អ្នកស្រីបញ្ជាក់ថា នេះជាព្រឹត្តិការណ៍អន្តរជាតិដំបូងសម្រាប់កម្ពុជាក្នុងឆ្នាំ២០២៦។ ថ្នាក់ដឹកនាំដដែលសង្កត់ធ្ងន់ថា នៅដើមឆ្នាំ២០២៦ ព្រឹត្តិការណ៍កីឡារាំអន្តរជាតិក៏មានការប្រកួតដែរ តែមិនត្រូវនឹងកម្រិតអាយុអត្តពលិកកម្ពុជា ពោលសុទ្ធតែកម្រិតអាយុ៣០ឆ្នាំឡើង។ ចំណែកអត្តពលិកកម្ពុជាជាទូទៅមានអាយុ២០ឆ្នាំចុះក្រោម។
ទាក់ទងទៅនឹងការអាក់ខានការប្រកួតលក្ខណៈអន្តរជាតិរយៈពេលវែង អ្នកស្រី ហង្ស ស៊ីម៉ន អះអាងថា មិនចោទជាបញ្ហាឡើយ ព្រោះកីឡាករ កីឡាការិនីទាំងអស់នៅតែបន្តការហ្វឹកហាត់យ៉ាងជាប់លាប់រៀងរាល់ថ្ងៃ មិនថា ថ្ងៃឈប់សម្រាក ដើម្បីបង្កើនគុណផលកាន់ខ្លាំងថែមទៀត។ ទន្ទឹមនឹងនេះ អ្នកស្រីអគ្គលេខាធិការក៏បង្ហើបពីប្រទេស ជាឧបសគ្គសម្រាប់កម្ពុជា ដែលមានហ្វីលីពីន និង វៀតណាម។ តែកន្លងមក កម្ពុជានៅតែអាចប្រជែងបានមេដាយជាហូរហែពីព្រឹត្តិការណ៍កីឡារាំជើងឯកអាស៊ី និងអាគ្នេយ៍។ ហេតុដូចនេះអ្នកស្រី ហង្ស ស៊ីម៉ន អំពាវនាវសូមការគាំទ្រមហាជនដើម្បីជាកម្លាំងចិត្តបន្ថែមដល់អត្តពលិកទាំងអស់៕
