លោក លី លឿន មកពីស្រុកបាធាយ ខេត្តកំពង់ចាម ឆ្លៀតពេលកំពុងរងចាំចៅប្រុសតេស្តសម្ថតភាពយុវជនអាយុក្រោម១៨ឆ្នាំជាមួយក្រុមបាល់ទាត់បឹងកេតដោយលោកថាបានដាក់ច្បាប់សុំកន្លែងការងារឈប់មួយថ្ងៃ ដើម្បីយកពេលជូនចៅប្រុសដោយផ្ទាល់មកតេស្ត U18 របស់ក្លឹបបាល់ទាត់បឹងកេត។ បុរសវ័យ៦៧ឆ្នាំដដែលបន្ថែមថាការសម្រេចជូនចៅមកធ្វើតេស្តក៏ព្រោះតែឃើញចៅរបស់ខ្លួនតែងតែចំណាយពេល និងព្យាយាមលេងបាល់ទាត់មកជាយូរមកហើយទើបបំពេញបំណងចៅក្នុងការមកសាកល្បងលក្ខណៈស្តង់ដាដូចនេះ។
ស្របគ្នាដែរនោះ លោក លី លឿន ក៏បន្តទៀតថាដោយសារតែឃើញពីគុណសម្បត្តិនៃកីឡាបាល់ទាត់តួយ៉ាងដូចជាជួយឱ្យយុវជនជៀសឆ្ងាយពីអំពើអបាយមុខ ធ្វើឱ្យយុវជនមានសុខភាពមាំមួន និងភាពល្បីល្បាញនៃកីឡាមួយនេះក្នុងពេលបច្ចុប្បន្ន ទើបជាហេតុធ្វើឱ្យលោកមិនស្ទើរស្ទាក់ក្នុងការជូនចៅមកធ្វើតេស្តនេះឯង។
សូមបញ្ជាក់ថា យុវជនមកពីគ្រប់ទិសទីជាង១០០០នាក់ បានមកតេស្តសមត្ថភាពដើម្បីចូលរួមជាមួយក្រុមបឹងកេតអាយុក្រោម១៨ឆ្នាំ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នាទីលានហ្វឹកហាត់ក្លឹបបាល់ទាត់បឹងកេត៕