ឆ្លងកាត់បទពិសោធលើទីលានបាល់ទះអាជីពជាង ១០ ឆ្នាំ អ្នកប៉ះសេឆ្នើម និងជាប្រធានក្រុមជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ បានទម្លាយថា ព្រឹត្តិការណ៍ SEA V Cup 2026 គឺជាយុទ្ធនាការដ៏តានតឹង និងស៊ីកម្លាំងបំផុតក្នុងជីវិតកីឡាកររបស់លោក។
កាលវិភាគប្រកួតយ៉ាងស្វិតស្វាញ រួមផ្សំនឹងការធ្វើដំណើរផ្លូវឆ្ងាយច្រើនម៉ោង បានធ្វើឱ្យប្រធានក្រុមរូបនេះធ្លាក់ខ្លួនឈឺ រហូតដល់ថ្នាក់ត្រូវព្យួរទុយោសេរ៉ូម ដើម្បីស្ដារកម្លាំងឡើងវិញភ្លាមៗនៅលើទីលានប្រកួត។
សម្លឹងទៅកាន់ព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២៨ ខាងមុខ ចាន់ណារ៉ូ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹងបន្តដណ្ដើមបានលទ្ធផលផ្លែផ្កាកាន់តែល្អ ប្រសិនបើមានការបំពេញបន្ថែម «ឈាមថ្មី» និងកម្លាំងយុវជនបន្តវេន។
ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាបានបង្កើតប្រវត្តិសាស្ត្រយ៉ាងត្រចះត្រចង់ ដោយបានគ្រងជើងឯក (មាស) នៅជើងទី១ និងទទួលបានចំណាត់ថ្នាក់លេខ៤ នៅជើងទី២ នៃពានរង្វាន់ SEA V Cup 2026។
