យុទ្ធសាស្ត្រមាស៥ចំណុចដែលនឹងពង្រីកសក្ដានុពលកីឡាបាញ់កាំ,ភ្លើងកម្ពុជាឱ្យស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ក្នុងអាណត្តិថ្មី

0 នាទីអាន

ឯកឧត្ដម សុខ ពុទ្ធិវុធ បន្តដឹកនាំសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា អាណត្តិទី៤ ជាមួយអនុសាសន៍គន្លឹះ ៥ចំណុច ដើម្បីលើកកម្ពស់វិស័យនេះឱ្យកាន់តែរីកចម្រើន។ ឯកឧត្ដម សុខ ពុទ្ធិវុធ ត្រូវបានទំនុកចិត្តជ្រើសតាំងឱ្យបន្តតួនាទីជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា សម្រាប់អាណត្តិថ្មី (អាណត្តិទី៤ ឆ្នាំ២០២៦-២០៣០)។

ក្នុងឱកាសបន្តដឹកនាំនេះ ឯកឧត្ដមបានដាក់ចេញនូវអនុសាសន៍ណែនាំសំខាន់ៗចំនួន ៥ចំណុច ដើម្បីតម្រង់ទិស និងរុញច្រានវិស័យកីឡាបាញ់កាំភ្លើងកម្ពុជាឱ្យឈានទៅមុខមួយកម្រិតទៀត៖ ការអភិវឌ្ឍប្រកបដោយសមត្ថភាព និងស្មើមុខស្មើមាត់៖ ជំរុញការអភិវឌ្ឍសមត្ថភាពកីឡាករ-កីឡាការិនី និងបច្ចេកទេសឱ្យបានខ្លាំងក្លា ដើម្បីអាចចូលរួមប្រកួតប្រជែងដោយស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

ពង្រឹងកិច្ចសហប្រតិបត្តិការ៖ បង្កើន និងពង្រឹងទំនាក់ទំនងល្អជាមួយសហព័ន្ធកីឡាបាញ់កាំភ្លើងអន្តរជាតិ និងដៃគូអន្តរជាតិនានា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេស។

​ពង្រីកធនធានកីឡាករតាមរយៈក្លឹប៖ ជំរុញឱ្យមានការបង្កើតក្លឹបកីឡាបាញ់កាំភ្លើងឱ្យបានកាន់តែច្រើន ដើម្បីកសាង និងពង្រីកធនធានកីឡាករ-កីឡាការិនីឱ្យកាន់តែសម្បូរបែប និងមានគុណភាព។

​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធហ្វឹកហាត់៖ រៀបចំបង្កើតទីលានហ្វឹកហាត់តាមស្តង់ដារអន្តរជាតិ ដោយរួមបញ្ចូលទាំងការហ្វឹកហាត់ផ្ទាល់នៅលើទីលាន និងការហ្វឹកហាត់តាមប្រព័ន្ធអនឡាញ (Online)។

​ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង និងការបណ្តុះបណ្តាល៖ រៀបចំរចនាសម្ព័ន្ធដឹកនាំតាមផ្នែក និងជំនាញឱ្យបានត្រឹមត្រូវ រួមមាន៖ បង្កើតគេហទំព័រ (Website) ឬទំព័រផ្លូវការ (Page) របស់សហព័ន្ធ ដើម្បីបង្កើនការផ្សព្វផ្សាយ។

​បង្កើតសាលាបណ្តុះបណ្តាលថ្នាលកីឡាករ-កីឡាការិនីវ័យក្មេង ដើម្បីធានាបាននូវភាពបន្តវេន។

​អនុសាសន៍ទាំង ៥ចំណុចនេះ នឹងក្លាយជាផែនទីចង្អុលផ្លូវយ៉ាងសំខាន់សម្រាប់សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ក្នុងការកសាងសមត្ថភាពកីឡាករ និងហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែរឹងមាំ ក្នុងអាណត្តិឆ្នាំ២០២៦-២០៣០ ខាងមុខនេះ។