លោក Dara Rit ស្ថាបនិកក្រុម eSports ដ៏ល្បីឈ្មោះ RVZ បានបង្ហើបពីមូលហេតុ និងគោលបំណងធំបំផុតនៅពីក្រោយការសម្រេចចិត្តបង្កើតក្រុម V Gaming ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងពានរង្វាន់កម្រិតអាជីព MPL Cambodia។
បេសកកម្មចម្បង និងជាបំណងប្រាថ្នាដ៏ធំបំផុតរបស់លោក Dara Rit គឺការបង្កើតក្រុមប្រកួតដែលប្រើប្រាស់កីឡាករខ្មែរសុទ្ធ ១០០%។ លោកបានសង្កត់ធ្ងន់ថា ការជ្រើសរើសផ្លូវមួយនេះ មិនត្រឹមតែជាការផ្ដល់ឱកាសដល់យុវជនកម្ពុជាដែលមានទេពកោសល្យប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ «បង្កើត និងអភិវឌ្ឍធនធានមនុស្ស» ក្នុងវិស័យកីឡាអេឡិចត្រូនិកជូនដល់ប្រទេសជាតិ។
