ក្រុមកីឡាសាកលវិទ្យាល័យអាស៊ីអឺរ៉ុបទទួលបានចំណាត់ថ្នាក់លេខ១ក្នុងតារាងមេដាយសរុបនៃព្រឹត្តិការណ៍កីឡាឧត្ដមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ និងជាការរក្សាតំណែងកំពូលតារាង បន្ទាប់ពីបានចំណាត់ថ្នាក់ដូចគ្នានេះកាលឆ្នាំ២០២២។
តែអ្វីគួរកត់សម្គាល់នោះ គឺចំនួនមេដាយឆ្នាំ២០២៤បានកើនឡើងច្រើនជាងឆ្នាំ២០២២។ ជាក់ស្ដែង ឆ្នាំ២០២៤ នេះអាស៊ីអឺរ៉ុបដណ្ដើមបានមេដាយ៦១គ្រឿង រួមមាន មាស ២៨គ្រឿង, ប្រាក់ ១៨គ្រឿង និងសំរឹទ្ធិ ១៥គ្រឿង។ កាលឆ្នាំ ២០២២ អាស៊ីអឺរ៉ុបទទួលបានមេដាយសរុប ៣០គ្រឿង ដែលមានមាស ២២, ប្រាក់ ៦ និងសំរឹទ្ធ ២។
លោកបណ្ឌិត សួស សោភា អនុប្រធានប្រតិភូ និងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបមានប្រសាសន៍ថា លទ្ធផលនេះបានបង្ហាញពីការកើនឡើងនៃសមត្ថភាពក្រុមរបស់លោក ក្រោមការជ្រោមជ្រែងគាំទ្រពេញទំហឹងពីថ្នាក់ដឹកនាំសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
លោកសាកលវិទ្យាធិការរងដដែលក៏បានសរសើរការរៀបចំទូទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ពិសេស គណៈកម្មការរៀបចំការប្រកួត មានភាពល្អប្រសើរ បានរៀបចំសណ្ឋាគារស្នាក់នៅ ហូបចុកសមរម្យ សេវាដឹកជញ្ជូនក្រុមបានទាន់ពេលវេលា មានមន្រ្តីពេទ្យប្រចាំការ២៤ម៉ោង រួមទាំងកងកម្លាំងការពារសន្តិសុខគ្រប់ទីលានប្រកួត នេះជាការផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រតិភូកីឡា និងកីឡាករ កីឡាការិនីផងដែរ។
កីឡាឧត្ដមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ សាកលវិទ្យាល័យអាស៊ីអឺរ៉ុបបានចូលរួមប្រកួតលើ ៧ប្រភេទកីឡាមាន បាល់បោះ (បុរស-នារី), អត្តពលកម្ម (បុរស-នារី), ប៊ូល-ប៉េតង់ (បុរស-នារី), តេក្វាន់ដូWT(បុរស-នារី), តេក្វាន់ដូ ITF (បុរស-នារី), សីដក់ (បុរស-នារី) និង ហែលទឹក (បុរស-នារី) ដែលមានសមាជិកប្រតិភូ ១០០នាក់។ ការចូលរួមនេះទៀតសោត គឺឺដើម្បីឱ្យស្របជាមួយគោលការណ៍របស់រដ្ឋាភិបាលដាក់ចេញឱ្យប្រទេសជាតិរបស់យើង មនុស្សទាំងអស់ក្លាយជាមនុស្សឌីជីថល(Digital)៕