ព្រឹត្តិការណ៍កីឡាវាយកូនហ្គោល Vattanac Championship នឹងមានវត្តមានកីឡាករលំដាប់ពិភពលោកចូលរួមយ៉ាងច្រើនថែមទៀត

1 នាទីអាន

ព្រឹត្តិការណ៍កីឡាវាយកូនហ្គោល Vattanac Legends Championship និង Vattanac Tour Championship ទទួលបានការចាប់អារម្មណ៍ពីកីឡាករលំដាប់ពិភពលោកកាន់តែច្រើនថែមទៀត។ នេះបើតាមការលើកឡើងរបស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ។

ជាក់ស្ដែង កីឡាករលំដាប់ពិភពលោកថ្មីៗដែលមិនធ្លាប់មកការប្រកួតលើកទី១កាលពីឆ្នាំមុននឹងមានវត្តមានក្នុងឆ្នាំ២០២៦។ មិនត្រឹមតែមកដោយខ្លួនឯងទេ តែក៏មានក្រុមគ្រួសារ ខណៈម្ចាស់ផ្ទះក្រុមហ៊ុននឹងមកចូលរួមផងដែរ។
ក្រៅពីប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ មានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាវាយកូនហ្គោលអន្តរជាតិដ៏ធំមួយនេះនឹងមានអមដោយកម្មវិធីពិសេសៗយ៉ាងច្រើនទៀតដើម្បីបង្ហាញឱ្យកីឡាករកំពូលបានស្គាល់ពីវប្បធម៌ ប្រពៃណី និងទេសចរណ៍ជាតិ។

ចំណែកឯកឧត្ដម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចាត់ទុកព្រឹត្តិការណ៍កីឡាវាយកូនហ្គោលដ៏ធំលំដាប់អន្តរជាតិមួយនេះជាសមិទ្ធផលទេសចរណ៍ដ៏អស្ចារ្យ និងជាចលករផ្សព្វផ្សាយដ៏សំខាន់ពីប្រទេសកម្ពុជា ហើយអាចទាក់ទាញអ្នកចូលរួមបានកាន់តែច្រើន។

ព្រឹត្តិការណ៍វាយកូនហ្គោលជាប្រវត្តិសាស្ត្រនេះនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៦ នៅទីលានស្តង់ដារអន្តរជាតិ វឌ្ឍនៈ ហ្គោល រីហ្សត ដោយមានប្រាក់រង្វាន់សរុបរហូតដល់ ១.៤៥ លានដុល្លារអាមេរិក។

កម្មវិធីប្រកួតធំៗទាំង ២ សប្តាហ៍៖

សប្តាហ៍ទី១ (២៣–២៩ វិច្ឆិកា ២០២៦) — Vattanac Legends Championship
ប្រកួតប្រជែងរវាងកំពូលកីឡាករអាជីពអន្តរជាតិចំនួន ៦០ រូប ដណ្តើមប្រាក់រង្វាន់ ៦៥០,០០០ ដុល្លារអាមេរិក។
មានការចូលរួមពីកំពូលតារាកីឡាហ្គោលល្បីៗ រួមមាន៖ ម្ចាស់ជើងឯក Major Champion កីឡាករ Michael Campbell, អតីតកីឡាករលេខ ១ ពិភពលោក Lee Westwood, កីឡាករ David Drysdale (ម្ចាស់ជើងឯកឆ្នាំ២០២៥) និងកីឡាករ Darren Fichardt (ម្ចាស់ជើងឯក Legacy Edition ឆ្នាំ២០២៥)។

សប្តាហ៍ទី២ (៣០ វិច្ឆិកា – ០៦ ធ្នូ ២០២៦) — Vattanac Tour Championship
ព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រប្រចាំរដូវកាលដ៏អស្ចារ្យ ដែលអនុញ្ញាតឱ្យតែ កំពូលកីឡាករ ៦០ រូប ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេពេញមួយរដូវកាលចូលរួមប្រកួត ដណ្តើមប្រាក់រង្វាន់រហូតដល់ ៨០០,០០០ ដុល្លារអាមេរិក។