Ulsan Hyundai បានកក់កៅអីទៅវគ្គផ្ដាច់ព្រ័ត្រ AFC Champions League 2020 បន្ទាប់ពីយកឈ្នះ Vissel Kobe ក្នុងលទ្ធផល ២-១ ក្នុងម៉ោងបន្ថែម១៥នាទី២លើក ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០។
ក្រុមមកពីជប៉ុន Vissel Kobe ទទួលបានគ្រាប់បាល់នាំមុខ ពីខ្សែបម្រើ Hotaru Yamaguchi នៅនាទីទី៥២ ប៉ុន្ដែត្រូវបានក្រុមកូរ៉េខាងត្បូង Ulsan រកគ្រាប់បាល់តាមស្មើវិញដោយ កីឡាករ Bjorn Johnsen នៅនាទីទី៨១ ហើយខ្សែប្រយុទ្ធប្រេស៊ីល Junior Negrao បានរកគ្រាប់បាល់ជ័យជម្នះនៅនាទីទី១១៨ ក្រោយពេលក្រុមទាំងពីរបញ្ចប់លទ្ធផលស្មើគ្នាសម្រាប់ការលេង៩០នាទី។
នេះជាលើកទី២សម្រាប់ Ulsan ដែលមានឱកាសឈានដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ដោយលើកដំបូងពួកគេធ្លាប់ឈានដល់វគ្គនេះកាលឆ្នាំ២០១២ និងគ្រងតំណែងជាជើងឯកលើកដំបូង ក្នុងប្រវត្តិសាស្ដ្ររបស់ពួកគេ ក្រោយយកឈ្នះ ក្រុមអារ៉ាប៊ីសាអូឌីត Al-Ahli ដោយលទ្ធផល ៣-0។
ក្រុមបង្វឹកដោយលោក Kim Do-hoon នឹងត្រូវប៉ះ ក្រុមអ៊ីរ៉ង់ Persepolis នៅវគ្គផ្ដាច់ព្រ័ត្រ ដែលការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០៕