Skip to content
Liverpool ខានឈ្នះក្រៅផ្ទះយូរបំផុតតាំងពី២០១៧ក្នុងលីគ តែធ្វើបានរឿងពិសេសមួយវិញ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Liverpool ខានឈ្នះក្រៅផ្ទះយូរបំផុតតាំងពី២០១៧ក្នុងលីគ តែធ្វើបានរឿងពិសេសមួយវិញ

គ្រាប់បាល់ពិន័យ១១ម៉ែត្ររបស់ Mohamed Salah ក្នុងនាទី៧៩យប់ថ្ងៃអាទិត្យទី១៣ខែធ្នូឆ្នាំ២០២០ ជួយ Liverpool យកបាន១ពិន្ទុពីផ្ទះ Fulham ដែលបាននាំមុខមុនក្នុងនាទី២៥ដោយកីឡាករ De Cordova-Reid។

លទ្ធផលនេះមានន័យថា Liverpool ខានឈ្នះក្រៅផ្ទះក្នុងក្របខ័ណ្ឌ Premier League ៥ដងជាប់គ្នា ពិសេស៤ដងចុងក្រោយស្មើរហូត ដែលជាភាពមិនឈ្នះការប្រកួតលីគក្រៅទឹកដីយូរបំផុតរបស់ក្រុមហង្សក្រហមតាំងពីខែមីនាឆ្នាំ២០១៧មក ក្រោមការដឹកនាំដោយលោក Jurgen Klopp។

ប៉ុន្តែតាំងពីលោក Klopp ចូលដឹកនាំក្នុងខែតុលាឆ្នាំ២០១៥មក Liverpool ជាក្រុមដែលរកពិន្ទុបានវិញច្រើនជាងគេ(៨៥ពិន្ទុ)ក្នុងការប្រកួតដែលត្រូវបានគូបដិបក្ខនាំមុខមុន។

Liverpool ពេលនេះស៊ុតចូលគ្រប់គ្រាប់នៃបាល់ពិន័យ១១ម៉ែត្រ១៨បាល់ចុងក្រោយក្នុង Premier League ដែលក្នុងនោះធ្វើបានដោយ Salah ១២លើក។ យប់មិញ Salah ស៊ុតចូលក្នុងការប្រកួត Premier League ក្រៅទឹកដីជាលើកទី៥នៃរដូវកាលនេះ ច្រើនជាងចំនួនដែលគេរកបានពេញមួយរដូវកាល២០១៩-២០ (៤គ្រាប់ក្រៅទឹកដី)។

សម្រាប់ Fulham វិញ ៩ប្រកួតដំបូងរកបានតែ៤ពិន្ទុក្នុង Premier League (ឈ្នះ១ ស្មើ១ ចាញ់៧) តែ៣ប្រកួតចុងក្រោយ ក្រុមលោក Scott Parker រកបាន៤ពិន្ទុពីការប្រកួតទល់នឹងក្រុមខ្លាំងៗដូចជា Leicester City, Man City និង Liverpool (ឈ្នះ១ ស្មើ១ ចាញ់១)។

Fulham ក៏ជាក្រុមចំណូលថ្មីទី១ដែលលេងមិនចាញ់ Liverpool ក្នុង Premier League តាំងពី Newcastle ក្នុងខែតុលាឆ្នាំ២០១៧មក (ស្មើ១-១ដែរ) ដែលបញ្ចប់ភាពឈ្នះ១៨ប្រកួតជាប់គ្នារបស់ក្រុមហង្សក្រហមទល់នឹងក្រុមទើបឡើងថ្មីមកលីគកំពូល។

Liverpool ពេលនេះឈរលេខរៀងទី២ដដែល មាន២៥ពិន្ទុ ស្រមើក្រុមកំពូលតារាង Tottenham ដែលបានស្មើ១-១ជាមួយ Crystal Palace យប់មិញដែរ៕