សហព័ន្ធកីឡាបាល់ទាត់ចិន(CAF) បានប្រកាសនៅថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ ពីការដាក់កម្រិតប្រាក់បៀរវត្សរ៍របស់កីឡាករ នៅគ្រប់ក្របខណ្ឌបាល់ទាត់ទាំងអស់ក្នុងប្រទេសចិន។
សហព័ន្ធបានតម្រូវឱ្យក្លិបទាំងអស់ដែលចូលរួមក្នុងក្របខណ្ឌ Chinese Super League ចំណាយលើប្រាក់បៀរវត្សរ៍កីឡាករបរទេសម្នាក់ មិនលើសពី៣,៦៣លានដុល្លារ(មិនទាន់គិតពន្ធ) ហើយថ្លៃឈ្នួលអតិបរមាលើកីឡាករក្នុងស្រុកបានតែ ៥លានយ័ន(៧៦៥.០០០ដុល្លារអាមេរិក)ប៉ុណ្ណោះក្នុងមួយឆ្នាំ។
ក្លិបនីមួយៗ នឹងត្រូវបានអនុញ្ញាតឱ្យចំណាយត្រឹមតែ៦០០លានយ័ន(៩១លានដុល្លារអាមេរិក)ប៉ុណ្ណោះសម្រាប់ប្រាក់ឈ្នួលសរុប ដែលក្នុងនោះការចំណាយច្រើនបំផុតលើកីឡាករបរទេសបានតែ ១០លានអឺរ៉ូ(១២,១៦លានដុល្លារអាមេរិក)។
ក្លិបដែលចាយលុយលើសលក្ខខណ្ឌដែលបានកំណត់ នឹងត្រូវរងពិន័យដកពិន្ទុក្នុងតារាងពី ៦ ទៅ ២៤ពិន្ទុ ហើយកីឡាករដែលមានប្រាក់ឈ្នួលលើសគោលការណ៍ខាងលើ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួតដែលរៀបចំដោយ សហព័ន្ធបាល់ទាត់ចិនឡើយ៕