របាយការណ៍ពី Bangkok Post ចេញផ្សាយនៅព្រឹកថ្ងៃពុធ ទី២៣ ខែធ្នូ នេះថា អ្នកចាំទីជម្រើសជាតិថៃ Kawin Thamasatchanan ត្រូវបានភ្ជាប់ទៅនឹងការចូលរួមជាមួយ Port FC។
កីឡាករវ័យ៣០ឆ្នាំបានចាកចេញពីក្លិបលីគកំពូលជប៉ុន Consadole Sapporo នាដើមសប្ដាហ៍នេះក្រោយផុតសុពលភាពខ្ចីពីក្លិបកំពូលបែលហ្ស៊ិក OH Leuven។
Kawin បានផ្លាស់ពី Muangthong United ទៅ OH ដែលជាម្ចាស់ក្លិបរួមជាមួយ Leicester City ផងនោះកាលឆ្នាំ២០១៨លើកិច្ចសន្យា៥ឆ្នាំ។ ក្រោយចំណាយពេលពីរឆ្នាំតាំងពីក្របខណ្ឌទីពីរដល់ក្របខណ្ឌកំពូលឆ្នាំ២០២០ គេត្រូវបានក្លិបនៅអឺរ៉ុបនេះឲ្យ Consadole Sapporo ខ្ចី តែមិនបានបង្ហាញខ្លួនឡើយនៅ J-League ។ គេចូលលេងបានតែពីរប្រកួតប៉ុណ្ណោះនៅ League Cup ហើយទំនងវិលទៅក្របខណ្ឌ Thai League 1 វិញនៅជុំទីពីរ។
គួរដឹងដែរថា Consadole Sapporo ក៏មានកីឡាករថៃម្នាក់ទៀតដែរ គឺខ្សែបម្រើ Chanathip Songkrasin ឬហៅថា Messi Jay៕