ក្រៅពីជាគ្រូបង្វឹកប្រចាំក្លិបល្បី ប៉ែនកាក់គុនខ្មែរ លោក សួង បញ្ញា មានអាអាជីវកម្មបន្ទាប់បន្សំខ្នាតតូចមួយទៀត ដើម្បីបង្កើនចំណូលគ្រួសារ គឺរបរលក់ កង្កែបអាំង នៅផ្ទះរបស់ខ្លួន ហើយលោកកំពុងឈានពង្រីងលក់តាមរទេះទៀត ដើម្បីប្រមូលចំណូលឲ្យកាន់តែប្រសើរ។
គ្រួបង្វឹក ដែលបានចំណាយការប្រឹងប្រែង ក្នុងការបណ្ដុះ និងពង្រឹងជើងខ្លាំងជាច្រើននាក់ក្នុងក្លិបដ៏មានប្រជាប្រិយភាព ប៉ែនកាក់គុនខ្មែរ រូបនេះបាន និយាយថារបរលក់កង្កែបអាំង ជាអាជីវរបស់គ្រួសារលោក ជាច្រើនឆ្នាំមកហើយ ហើយលោកទើបចេញលក់តាមរទេះទៀតដើម្បីទាញប្រាក់ចំណេញបន្ថែម។
គ្រូបង្វឹក សួង បញ្ញា បន្ថែមថា ផ្ទះរបស់លោកបានចាប់មុខរបរ លក់កង្កែបអាំង ងៀតគោអាំង យូរមកហើយ មុនពេលលោកបំបែកខ្លួនលក់ក្រៅទៀតដើម្បីពង្រឹងជីវភាព ក្រោយទំនេរពីម៉ោងបង្ហាត់សិស្ស។
«ខ្ញុំធ្លាប់តស៊ូច្រើនណាស់ ខ្ញុំមិនចង់ឃើញអ្នកប្រដាល់ឲ្យតែបញ្ចប់អាជីពគឺគេឃើញតែលំបាកអត់នេះអត់នោះទេ។ ចឹងហើយទើបខ្ញុំខំ ឲ្យគេឃើញថាឲ្យតែយើងតស៊ូរកយើងមិនលំបាកទេ»។ អតីតអ្នកប្រដាល់ដែលបានបញ្ចប់អាជីពជិត១០ឆ្នាំមកហើយ រៀបរាប់បែបនេះ។
សួង បញ្ញា ជាអតីតកីឡាករគុនខ្មែរមួយរូប មុនបញ្ចប់អាជីព និងអភិវឌ្ឍខ្លួនក្លាយជាគ្រូបង្វឹក។ កម្រលេចមុខលើបណ្ដាញសារព័ត៌មានណាស់ លោក សួង បញ្ញា ប្រៀបដូច បុរសផ្ការីកបាំងស្លឹក។ អ្នកគាំទ្រគុនខ្មែរជាច្រើន អាចថាមិនទាន់ស្គាល់លោក តែ១០នាក់ស្ទើរទាំង១០ហើយ ប្រាកដជាស្គាល់ច្បាស់ណាស់នូវ អ្នកប្រយុទ្ធល្បីៗ និងជ័យជម្នះដ៏កក្រើកៗរបស់ពួកគេ ដូចជា ការឈ្នះខ្សែក្រវាត់ប្រាក់របស់ សុខ សាវិន និងខ្សែក្រវាត់មាសរបស់ អេលីត ចំរើន កន្លងទៅថ្មីៗ ជាដើម ដែលសុទ្ធតែជាសមិទ្ធផលមិនអាចប្រកែកថាគ្មានចំណែកដ៏សំខាន់ពីអ្នកបង្វឹកនិងកាន់ស៊ីប ដ៏ចំណាន សួង បញ្ញា ឡើយ៕