សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានប្រកាសជាផ្លូវការកាលពីសប្ដាហ៍មុនថាព្រឹត្តិការណ៍បាល់ទាត់ FIFA U20 World Cup 2021 ដែលគ្រផងធ្វើពាក់កណ្ដាលឆ្នាំក្រោយ ត្រូវបានលើកពេលទៅធ្វើក្នុងឆ្នាំ២០២៣វិញ ដោយរក្សាឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះដដែល ដែលនេះនឹងផ្ដល់ពេលកាន់តែច្រើនជាងមុនដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះដើម្បីត្រៀមលក្ខណៈ។
FIFA ក៏បានប្រកាសផ្អាកព្រឹត្តិការណ៍ U17 World Cup ដែលគ្រោងធ្វើក្នុងប្រទេសប៉េរូនៅឆ្នាំ២០២១ផងដែរ ដោយសារការរាតត្បាតជំងឺកូវីដ១៩ ហើយនឹងរៀបចំក្នុងឆ្នាំ២០២៣វិញដូចគ្នា។
FIFA បានពិគ្រោះយោបល់យ៉ាងទៀងទាត់ជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសហព័ន្ធនៃប្រទេសម្ចាស់ផ្ទះ ក៏ដូចជាសហព័ន្ធនៃទ្វីបដែលពាក់ព័ន្ធផងដែរ។
ទន្ទឹមនេះ FIFA បានសម្ដែងការកោតសរសើរចំពោះសហព័ន្ធម្ចាស់ផ្ទះ និងអាជ្ញាធរក្នុងប្រទេសឥណ្ឌូនេស៊ី និង ប៉េរូ ចំពោះការប្ដេជ្ញាចិត្តរបស់ពួកគេ និងការត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ទាំង២នេះមកទល់ពេលនេះ។
ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី Mochamad Iriawan ពេញចិត្តនិងគាំទ្រការសម្រេចចិត្តរបស់ FIFA ដែលផ្ដោតលើសុវត្ថិភាពរបស់ភាគីពាក់ព័ន្ធទាំងអស់។
សូមជម្រាបថា ក្រុមបាល់ទាត់U19ឥណ្ឌូនេស៊ីដែលត្រៀមលេង U20 World Cup នេះ បង្វឹកដោយគ្រូជនជាតិកូរ៉េខាងត្បូង Shin Tae-yong ដែលជាអតីតគ្រូបង្គោលជម្រើសជាតិកូរ៉េខាងត្បូងពីឆ្នាំ២០១៧ដល់២០១៩។ ពួកគេបានទៅបោះជំរំហ្វឹកហាត់នៅអេស្ប៉ាញកាលពីចុងសប្ដាហ៍មុន។
លោក Tae-yong បានជ្រើសរើសកីឡាករ៣០នាក់ទៅប្រទេសអឺរ៉ុបមួយនេះ ដោយមាន៣នាក់ជាកីឡាករលេងនៅក្លិបបរទេស។ U19ឥណ្ឌូនេស៊ី ក៏នឹងប្រកួតមិត្តភាពជាមួយក្លិបខ្លះក្នុងប្រទេសអេស្ប៉ាញផងដែរ បន្ថែមពីលើការហ្វឹកហាត់ រហូតដល់ថ្ងៃទី៣១ខែមករាឆ្នាំ២០២១៕