គួន ម៉ុម ជាកីឡាករម្នាក់ កំពុងក្ដាប់តំណែងជាស្មាត់ធំដ៏សំខាន់មួយរូប ក្នុងក្លិបបាល់ទះអាជីព វិសាខា ហើយក៏ជាកីឡាករកម្ពុជា ដំបូងគេដែរ ដែលឆក់ទាញក្លិប Jakarta Garuda នៃលីគកំពូលឥណ្ឌូណេស៊ី ផ្ទេរទៅចូលរួមរយៈពេល៣ខែ កាលដើមឆ្នាំ២០២០ នេះ។
តើស្មាត់ស្ដាំកម្ពស់ ១៩៧សង់ទីម៉ែត្ររូបនេះ មានការវិវឌ្ឍខ្លួនបែបណាខ្លះ មុនក្លាយជាកីឡាករមានឈ្មោះបោះសម្លេងនាពេលបច្ចុប្បន្ន?
ក្នុងវ័យ២៣ឆ្នាំ គួន ម៉ុម មានប្រភពចេញគ្រួសារមួយដែលមានបងប្អូនបង្កើន៦នាក់ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។
គួន ម៉ុម ជាយុវជនម្នាក់ដែលមានសត្ថភាពវាយបាល់ល្អ និងល្បីផងដែរ ក្នុងតំបន់ដែលគេរស់នៅ ហើយក៏ជាកីឡាករ អត្តពលកម្ម ផ្នែកចោលដុំដែក ក្នុងសាលា នៅពេលដែលគេសិក្សាថ្នាក់មធ្យមសិក្សា ផងដែរ។
ក្នុងឆ្នាំ២០១៥ ដោយសារតែទេពកោស្យ និង កាយសមប្បទារល្អទៀតនោះ គួន ម៉ុម ទទួលបានការចាប់អារម្មណ៍ពីគ្រូបង្វឹកក្រុមបាល់ទះ ក្រសួងមហាផ្ទៃ ចុះទៅទាក់ទងនាំចូលក្រុម។ នោះជា ការចាប់ផ្ដើមជំហានដ៏ធំថ្មីរបស់យុវជនរូបនេះ មកកាន់ក្លិបបាល់ទះអាជីព។ «ខ្ញុំពិតជាចង់ក្លាយជាកីឡាករអាជីព។ នៅពេលនោះ ខ្ញុំអរណាស់ ហើយក៏ភ័យ ព្រោះវាជាការចាប់ផ្ដើមដ៏ធំ។ សូម្បី ភ្នំពេញ ក៏ខ្ញុំមិនទាន់ដែលស្គាល់ផង ខ្ញុំអរលាយភ័យក្នុងការចាប់យកសុបិនមួយនេះ»។ គួន ម៉ុម រំលឹកពីអតីតកាល។
ដោយសារវិស័យបាល់ទះរីកចម្រើន ៣ឆ្នាំក្រោយមក ម៉ុម បានផ្ទេរទៅកាន់ក្លិប វិសាខា ដែលជាក្រុមដ៏លេចឆ្នើម ថ្មីមួយទៀត។
ភាពភាពជោគជ័យរបស់ស្មាត់កម្ពស់ខ្ពស់ នៅតែបន្តដុះដាល។ កាលពីឆ្នាំ២០១៩ កីឡាករល្បីចេញពីដែនដី តាកែវ បានទទួលការទុកចិត្តចុចឈ្មោះឲ្យចូលក្រុមជម្រើសរើសជាតិដើម្បីប្រជែងនៅស៊ីហ្គេមផងដែរ ហើយអ្វីដែលកាន់តែលេចធ្លោ គួន ម៉ុម កាលដើមឆ្នាំ២០២០ ថែមទាំងត្រូវបានក្លិប Garuda Jakarta របស់ឥណ្ឌូនេស៊ី ផ្ទេរទៅចូលរួម៣ខែ។ ការឆ្ពោះទៅ ឥណ្ឌូនេស៊ី របស់ គួន ម៉ុម ជាការបើកទំព័រថ្មី ដែលបានធ្វើឲ្យស្មាត់ដៃសម្លាប់រូបនេះ ក្លាយខ្លួនជាកីឡាករអាជីពកម្ពុជាដំបូង ដែលឆក់បានការចាប់អារម្មណ៍ពី លីគនៃប្រទេសជើងខ្លាំងក្នុងតំបន់៕