មេដាយមាសពិភពលោក សឿ ច័ន្ទលក្ខិណា ប្រើភាពក្លាហានបង្កើតមោទកភាពសម្រាប់ ខ្លួននិងជាតិ

Sophana Pen
10 មើល
1 នាទីអាន
- Advertisement -

ផ្ដើមដោយចំណង់ចំណូលចិត្ត និង ការតាំងមុតចិត្តមុតមាំ ដើម្បីជម្នះពាក្យចាស់ពោលថា «ស្ត្រីបង្វិលចង្ក្រានមិនជុំ» សឿ ច័ន្ទលក្ខិណា បានប្រើភាពក្លាហាន និង អត់ធ្មត់ តស៊ូរហូតក្លាយជានារីវ័យក្មេងខ្មែរដ៏មានស្នាដៃម្នាក់ ដែលអាចបង្កើតមោទកភាពសម្រាប់ខ្លួន និងប្រទេសជាតិ ដោយការឈ្នះមេដាយមាសពិភពលោក កីឡាវ៉ូវីណាម រួមនឹងមេដាយកម្រិតតំបន់ ទ្វីប ជាច្រើនទៀត។

មានប្រភពពីគ្រួសារមួយសម្បូរដោយអ្នកកីឡាក្នុងរាជធានីភ្នំពេញ ច័ន្ទលក្ខិណា ផ្សាភ្ជាប់ជីវិតក្នុងវិស័យកីឡា ហែលទឹក បាល់បោះ មុនចាប់យកកីឡាយុទ្ធគុន វ៉ូវីណាម ដែលនាងកាន់តែត្រូវការជម្នះនូវសម្ពាធមួយចំនួនទៀត ដើម្បីស្វែងរកជោគជ័យ។ «ក្នុងសង្គមខ្មែរដូចដឹងហើយថា នារី គឺគេមិនលើកទឹកចិត្តឲ្យ រត់ ហក់លោត វាយតប់ លើកជើងដៃទេ នេះជាអ្វីដែលយើងត្រូវតែទទួលយកសម្ពាធ ហើយជម្នះ»។ ច័ន្ទលក្ខិណា ពន្យល់។

ក្នុងនាមជាអត្តពលិកដែលបាន កសាងជោគជ័យបន្តបន្ទាប់សម្រាប់ខ្លួន និង ជាតិ សឿ ច័ន្ទលក្ខិណា បានលើកទឹកចិត្តឲ្យយុវតីខ្មែរ ក្លាហានក្នុងការ ពុះពារបង្កើតមោទកភាពសម្រាប់ខ្លួន និងសង្គមជាតិ។

«គ្មានជោគជ័យណា ដែលបានមកដោយគ្មានសេចក្ដីព្យាយាម និង ការលះបង់ ឡើយ។ ខ្ញុំពិតជាចង់ឃើញ យុវតីខ្មែរ ពលរដ្ឋខ្មែរ ងាកមកលេងកីឡាដើម្បីសុខភាព ដើម្បីកាពារខ្លួន និងបង្កើតមោទភាពសម្រាប់ខ្លួនគាត់»។ នេះជាសារញ៉ាំងស្មារតីរបស់ ម្ចាស់មេដាយវ៉ូវីណាមពិភពលោក ២គ្រឿង សៀ ច័ន្ទលក្ខិណា។

គិតចាប់ពីឆ្នាំ២០១១ មក សឿ ច័ន្ទលក្ខិណា ឈ្នះមេដាយស្ទើរគ្រប់កម្រិត តាំងពីលំដាប់ថ្នាក់ជាតិ តំបន់ ទ្វីប និងពិភពលោក ជាច្រើនគ្រឿង ដែលនាងចាត់ទុកជាសមិទ្ធផល កើតចេញ ពីការតាំងចិត្ត និង ការព្យាយាម របស់នាង។

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។