Skip to content
សារៈសំខាន់នៃការថ្វាយគ្រូសម្រាប់អ្នកប្រដាល់គុនខ្មែរ
    ទំព័រដើម  »  កីឡាជាតិ  »  ចំណេះដឹងកីឡា

សារៈសំខាន់នៃការថ្វាយគ្រូសម្រាប់អ្នកប្រដាល់គុនខ្មែរ

ក្បាច់ថ្វាយគ្រូមុនប្រកួតមិនត្រឹមជាកេរដូនតាដើម្បីបង្ហាញអត្តសញ្ញាណក្បាច់គុនបុរាណខ្មែរទេ ។ សិល្បៈថ្វាយបង្គំក៏ជាមូលដ្ឋានដ៏សំខាន់ក្នុងការសម្រួលចលនាសរសៃឈាម និង កម្ដៅសាច់ដុំដើម្បីការពារកាយសម្បទាកីឡាករអំឡុងប្រកួតលើសង្វៀន។ នេះបើការលើកឡើងពីលោក គ្រូបង្វឹកសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ លោក ធន់ សុភា។

គ្រូបង្វឹកជាអតីតប្រដាល់ល្បីពន្យល់បែបនេះ “៖គុនគ្រូនេះទីមួយ វាជំនួយខ្លាំងជាងគេគឺកាយសម្បាទា សម្រួលសរសៃឈាម និង កំភួនជើងឲ្យវាធូរ។ គុនគ្រូដូចយើងហាត់ប្រាណ ដូចយើង មូលម៉ង់ចឹង។ ល្មម យើងគុនគ្រូចប់ យើងបែកញើសបាត់ ហើយចឹងយើងឡើងវ៉ៃអត់ខ្លាចរមួលក្រពើ អត់ខ្លាចជាប់ដៃជាប់ជើង និងជាប់សរសៃនោះទេ។ គុនគ្រូនេះសំខាន់បំផុតគឺដូចយើងហាត់ប្រាណ កាច់ដៃ កាច់ជើងដែរ។”

លោក ធន់ សុភា បន្ថែម ថា ក្បាច់ថ្វាយគ្រូមុនការប្រកួតមានច្រើនរបៀបដើម្បីជាការសម្រួលសាច់ដុំ និងបញ្ចៀសការស្ទះសរសៃឈាមភ្លាត់ ឬ គ្រេចដៃជើង ជាដើម។ អតីតអ្នកប្រដាល់លំដាប់កំពូលក្នុងចង្កោមជើងខ្លាំងអំឡុងឆ្នាំ ២០០០ ដល់ ២០០៩ ដដែល រំឭកថា ជំនាន់លោក ការហាត់រៀនក្បាច់ថ្វាយគ្រូ គឺចាំបាច់ណាស់។ ផ្ទុយពីបច្ចុប្បន្ន កីឡាករជំនាន់ថ្មីមួយចំនួន ពុំសូវយកចិត្តទុកដាក់ឡើយដែលធ្វើឲ្យក្បួន ថ្វាយបង្គំគ្រូ ជាច្រើនប្រឈមនឹងបាត់បង់គួរឲ្យបារម្ភ។

ស្នៀតរំឭកគុនគ្រូដែលកីឡាករ ពេញនិយមនាពេលសព្វថ្ងៃរូមមានព្រះរាមព័ទ្ធសីមា ឥន្ទ្រីយ៍សំដែងឫទ្ធិ ក្រមុំតែងខ្លួន ជាដើមដែលស្ថិតក្នុងចំណោមរបៀបថ្វាយបង្គំគ្រូជាង៣០របៀបដែលបន្សល់ពីជំនាន់មុន៕