ខ្សែបម្រើប្រយុទ្ធជម្រើសជាតិកូឡុំប៊ី James Rodriguez បានមកចូលរួម Everton ជាផ្លូវការហើយលើកិច្ចសន្យា២ឆ្នាំ អមដោយជម្រើសបន្លាយថែម១ឆ្នាំទៀត ក្រោយព្រមព្រៀងផ្ទេរចេញពី Real Madrid ក្នុងតម្លៃ២០លានផោន។
James ដែលនឹងពាក់អាវលេខ១៩នៅក្លិបថ្មីនេះ បានបរិយាយពីមូលហេតុជុំវិញការផ្ទេរនេះថាលោក Carlo Ancelotti ជាកត្តាចម្បងទាក់ទាញរូបគេមកទីនេះ គួបផ្សំជាមួយផែនការច្បាស់លាស់ប្រកបដោយមហិច្ឆតារបស់ Everton។
កីឡាករវ័យ២៩ឆ្នាំ និយាយថា “ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានមកចូលរួមក្លិបអស្ចារ្យមួយនេះដែលមានប្រវត្តិយ៉ាងសម្បូរបែប និងបាននៅទីនេះជាមួយអ្នកចាត់ការម្នាក់ដែលស្គាល់ខ្ញុំយ៉ាងច្បាស់។ មូលហេតុធំមួយនៃការចូលរួមរបស់ខ្ញុំនៅទីនេះគឺវត្តមានលោកគ្រូ Carlo Ancelotti។ ខ្ញុំបានរីករាយនឹងពេលវេលាដ៏អស្ចារ្យមួយចំនួនជាមួយគាត់កាលពីមុននៅក្លិប២ផ្សេងគ្នា។ នោះជាមូលហេតុធំមួយក្នុងការមកទីនេះ”។
James បន្ថែមថាផែនការរបស់ Everton គឺច្បាស់លាស់ខ្លាំង និងធ្វើមែនទែន។ គេជឿជាក់លើលោក Ancelotti និងក្រុមការងាររបស់អ្នកចាត់ការរូបនេះថាអាចសម្រេចកិច្ចការធំជាមួយគ្នាបាន។
សូមរំឭកថា James ត្រូវបានលោក Ancelotti ទិញពី Monaco ចូល Real Madrid ក្នុងរដូវក្ដៅ២០១៤ ក្រោយរូបគេឈ្នះស្បែកជើងមាស FIFA World Cup 2014 ដែលគេបានស៊ុតចូល៦គ្រាប់។ ក្នុងរដូវកាលដំបូងនៅ Real គេបានឈ្នះពានខ្សែបម្រើល្អបំផុតក្នុងក្របខ័ណ្ឌ La Liga រដូវកាល២០១៤-១៥ បន្ទាប់ពីស៊ុតចូល១៣គ្រាប់និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមសម្រេចទី១៣ដង ក្នុងការចូលលេង២៩លើក។
James បានឈ្នះជើងឯកលីគ៨ដងនៅ៤ប្រទេសផ្សេងគ្នា ពិសេសបានឈ្នះ Champions League, UEFA Super Cup, FIFA Club World Cup ជាមួយ Real និង Europa League ១ដងជាមួយ Porto ក្នុងរដូវកាល២០១០-១១។
ប៉ុន្តែក្នុងរដូវកាល២០១៩-២០កន្លងទៅ James ត្រូវបានលោក Zinedine Zidane ផ្ដល់ឱកាសចូលលេងតែ១៤លើកប៉ុណ្ណោះ។
ដោយឡែក សូមជម្រាបផងដែរថា Everton ក៏បានទិញខ្សែបម្រើកណ្ដាលជម្រើសជាតិប្រេស៊ីល Allan ពី Napoli និងបានព្រមព្រៀងតម្លៃជាមួយ Watford លើខ្សែបម្រើបារាំង Abdoulaye Doucoure ផងដែរ៕