ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Zing.com ខ្សែបម្រើ Lee Nguyen ឲ្យដឹងថា លោក Alexandre Polking គ្រូបង្គោលក្លិប Ho Chi Minh City FC បានបញ្ចេញបទបញ្ជាមួយដល់កូនក្រុមទាំងអស់អំឡុងសម្រាកនៅផ្ទះអបអរបុណ្យចូលឆ្នាំថ្មី។
កីឡាករវៀតណាមកើតនៅរដ្ឋតិចសាសសហរដ្ឋអាមេរិកបង្ហើបថា ប្រសិនបើកូនក្រុមណាឡើងទម្ងន់ចាប់ពីមួយគីឡូក្រាមអំឡុងសម្រាករយៈពេល១៣ថ្ងៃនេះ លោក Polking នឹងពិន័យប្រាក់១០លានដុង ឬស្មើនឹងជាង៤០០ដុល្លារអាមេរិក។
គួរដឹងដែរថា បាល់ទាត់ក្របខណ្ឌវៀតណាមបានអនុញ្ញាតកីឡាករសម្រាក១៣ថ្ងៃអំឡុងឆ្នាំថ្មីដើម្បីអាចទៅលេងស្រុកកំណើត។ ប៉ុន្តែសម្រាប់ក្លិបណាដែលស្ថិតក្នុងតំបន់មានការឆ្លងកូវីដ១៩ច្រើន នោះមិនអនុញ្ញាតកីឡាករចាកចេញទេ ដោយចូលរួមប្រារព្ធនៅក្លិបរៀងៗខ្លួន។
ចំពោះកាលបរិច្ឆេទត្រលប់វិញអាចអំឡុងខែមីនា ឬអាស្រ័យលើស្ថានភាពជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់ពីអ្នកសារព័ត៌មានវៀតណាមមួយរូបដែលបានប្រាប់ AMS Sports៕