Aston Villa បានបំពេញការផ្ទេរយកខ្សែប្រយុទ្ធ Ollie Watkins ពីក្លិបលីគទី២ Brentford ក្នុងតម្លៃឯតទគ្គកម្មផ្ទាល់ខ្លួន២៨លានផោន ដែលអាចកើនដល់៣៣លានផោនអាស្រ័យលើគុណផលជាក់ស្ដែង បំបែកកំណត់ត្រាចាស់២២លានផោនដែល Aston ទិញ Wesley ឆ្នាំមុន។
Watkins ជនជាតិអង់គ្លេស វ័យ២៤ឆ្នាំ ជាសហអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងក្របខ័ណ្ឌ Championship រដូវកាល២០១៩-២០ ដោយរកបាន២៦គ្រាប់។
ខ្សែប្រយុទ្ធកម្ពស់១.៨០ម៉ែត្រអតីតយុវជនក្លិប Exeter City ខាងលើជាសមាជិកថ្មីទី២របស់ Aston Villa ក្នុងរដូវក្ដៅនេះ បន្ទាប់ពីខ្សែការពារ Matty Cash ដែលបានផ្លាស់មកពី Nottingham Forest ក្នុងតម្លៃ១៦លានផោន។
ការមកដល់របស់ Watkins នេះគឺបន្ទាប់ពី Aston បានបរាជ័យក្នុងការប្រមាញ់ Callum Wilson ដោយអតីតខ្សែប្រយុទ្ធ Bournemouth រូបនេះបានសម្រេចចិត្តទៅចូលរួម Newcastle United ក្នុងតម្លៃ២០លានផោន។
Watkins នឹងបានធ្វើការជាមួយអ្នកចាត់ការ Dean Smith ជាថ្មី។ លោក Smith ជាអ្នកទិញ Watkins ពី Exeter កាលលោកនៅដឹកនាំ Brentford៕