Robert Lewandowski ជាកីឡាករល្អបំផុតក្នុងចំណោមកីឡាករដែលលោក Jurgen Klopp ធ្លាប់បង្វឹក។
ខ្សែប្រយុទ្ធប៉ូឡូញដ៏មុតស្រួចរូបនេះកំពុងរះនៅក្លិប Bayern Munich ប៉ុន្តែគេធ្លាប់ជាកូនសិស្សរបស់លោក Klopp កាលនៅ Borussia Dortmund ដែលលោកបានឈ្នះជើងឯក Bundesliga ២ដងជាប់គ្នាក្នុងរដូវកាល២០១០-១១ និង២០១១-២០១២។
មកទល់នឹងសព្វថ្ងៃដែលលោកកំពុងដឹកនាំ Liverpool លោក Klopp បានបង្វឹកកីឡាករដ៏មានទេពកោសល្យជាច្រើនក្នុងអាជីពជាគ្រូដែលលោកបានផ្ដើមដំបូងនៅ Mainz 05 ក្នុងឆ្នាំ២០០១រហូតដល់២០០៨ រួចមក Dortmund មកទល់២០១៥ មុនមក Liverpool។
នៅពេលត្រូវបានសារព័ត៌មាន Bild សួរថាកីឡាករណាល្អជាងគេបំផុតដែលលោកធ្លាប់ធ្វើការជាមួយ? គ្រូជនជាតិអាល្លឺម៉ង់វ័យ៥៣ឆ្នាំនិយាយថា៖ «Robert Lewandowski។ វានឹងមិនយុត្តិធម៌ទេក្នុងការនិយាយអំពីកីឡាករផ្សេងពី Lewy។ អ្វីដែលគេបានបង្កើតចេញពីសក្ដានុពលរបស់គេ, របៀបដែលគេជំរុញខ្លួនឯងឱ្យក្លាយជាកីឡាករដូចសព្វថ្ងៃនេះ គឺពិសេសមែនទែន»។
«Lewy ធ្វើគ្រប់យ៉ាងដែលគេត្រូវធ្វើដើម្បីក្លាយជាម៉ាស៊ីនគ្រាប់បាល់។ គេដាក់ខ្លួនគេក្នុងការប្រកួត, គេដឹងគ្រប់ស្ថានភាពថាអ្វីដែលគេត្រូវធ្វើ កន្លែងណាដែលគេត្រូវទៅ។ Lewy គឺជាម៉ាស៊ីនពិតៗ»។
សូមជម្រាបថា លោក Klopp ជាអ្នកទិញ Lewandowski ពីក្លិប Lech Poznan មក Dortmund ក្នុងឆ្នាំ២០១០ កាលខ្សែប្រយុទ្ធកម្ពស់១.៨៥ម៉ែត្រខាងលើទើបមានអាយុ២១ឆ្នាំ។ ពួកគេបានធ្វើការជាមួយគ្នា៤ឆ្នាំនៅ Dortmund ហើយ Lewandowski រកបាន១០៣គ្រាប់ពីការចូលលេង១៧៨លើក មុនផ្លាស់ទៅចូលរួម Bayern Munich ក្នុងឆ្នាំ២០១៤ ដោយគ្មានតម្លៃផ្ទេរ ក្រោយផុតកិច្ចសន្យា៕