Skip to content
គ្រូបង្វឹក រឿង​ សោភ័ណ្ឌ លោក ឈិន ក្វាន់ចៃ ចេញពីពេទ្យ​ត្រលប់ទៅស្រុកវិញដោយសារ​បារម្ភការចំណាយ
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

គ្រូបង្វឹក រឿង​ សោភ័ណ្ឌ លោក ឈិន ក្វាន់ចៃ ចេញពីពេទ្យ​ត្រលប់ទៅស្រុកវិញដោយសារ​បារម្ភការចំណាយ

ក្រោយ​ពី​សម្រាក​ព្យាបាល​ បាន​ធូរស្រាល​អាការៈខ្លះ លោក ឈិន ក្វាន់ចៃ គ្រូបង្វឹករបស់​ រឿង សោភ័ណ្ឌ និងជា​ឪពុក​របស់ ឈិន ក្វាន់ង៉ុយ បាន​ត្រលប់​ទៅ​ផ្ទះរបស់​លោក នៅខេត្ត​ព្រៃវែង​វិញហើយ កាលពីម្សិលមិញ។

បើ​តាមរៀបរាប់​របស់ ឈិន ក្វាន់​ង៉ុយ មក​កាន់ AMS Sports ថាគ្រូ​បង្វឹក​ ឈិន ក្វាន់ចៃ មាន​ជំងឺ​លើស​ឈាម ស្ពឹកដៃជើង​ពិបាកក្នុងការ​ធ្វើ​ចលនា។ ទោះជាគាត់ទៅស្រុក​វិញ តែ​ ឈិនក្វាន់ង៉ុយ ដែលជាកូ​ន​ប្រុស​របស់​លោក​ ថាឪពុក​លោក មិនទាន់​សះស្បើយនោះទេ ហើយការណ៍ដែលលោក​ប្រញាប់ចេញពីពេទ្យ គឺ​ដោយសារ​បារម្ភ​លើ​ការ​ចំណាយហួស​លទ្ធភាព​​។

«គាត់ថា​មិនអីៗ តែគាត់មិនទាន់ស្រួលនៅឡើយទេ គាត់ទៅវិញព្រោះបារម្ភគ្មានប្រាក់ចំណាយលើ​ការ​សម្រាក​ព្យាបាល គឺគាត់ពុំ​មាន​ប្រាក់​ទេ​។ មែនទែនទៅ គាត់ទទួល​បានជំនួយ​សប្បុរសធម៌ ខ្លះគេជួយ១០០ដុល្លារ ខ្លះ បួនដប់​ដុល្លារ តែ​បើគាត់​នៅ​សម្រាកពេទ្យយូរ គឺទប់​មិនរួចទេបង ១យប់​អស់​២០ដុល្លារអីហើយ​»។ នេះជាការ​បញ្ជាក់​បន្ថែ​ម​របស់ ឈិន ក្វាន់ង៉ុយ។

លោក ឈិន ក្វាន់ចៃ ត្រូវ​បាន​កូន​ៗបញ្ជូន​ពី​ ព្រៃវែង តាម​​រ៉មក់កង់បី មក​សង្គ្រោះ​នៅភ្នំពេញ​កាល​ចុង​សប្ដាហ៍​មុន ក្នុងពេលជំងឺលើសឈាមធ្វើទុក្ខ។ លោក ឈិន ក្វាន់ចៃ ជាគ្រូ​បង្វឹក​ក្លិបម្កុដរាជសីហ៍ ដែលជាក្លិប​របស់​ម្ចាស់​ខ្សែក្រវាត់​៨​ខ្សែ រឿង សោភ័ណ្ឌ ហើយ​ក្រៅពី​ជា​ជីព​កីឡា លោក​មាន​របររត់រ៉មកកង់​បី ដើម្បី​ទទ្រង់ជីវភាពគ្រួសារ៕