វីរបុរសវាយកូនបាល់ស្វ៊ីស Roger Federer បានបញ្ជាក់ថាលោកនឹងចូលប្រកួតក្នុងព្រឹត្តិការណ៍ French Open 2021 នេះ ស្របពេលលោកកំពុងពង្រឹងកាយសម្បទាឡើងវិញក្រោយរបួស។
កំពូលកីឡាករវាយកូនបាល់វ័យ៣៩ឆ្នាំ បានវះជង្គង់២ដង និងមិនបានប្រកួតក្នុងព្រឹត្តិការណ៍ Grand Slam តាំងពីខែមករាឆ្នាំ២០២០មក។
ជើងឯក Grand Slam ២០ដង បានត្រលប់មកការប្រកួតវិញខែមុន ក្នុងពាន Qatar Open ក្រោយអវត្តមាន១៤ខែ។ តែតាំងពីនោះមក ក៏មិនទាន់បានប្រកួតជាថ្មីទៀតដែរ។
កាលថ្ងៃអាទិត្យទី១៨ខែមេសា លោកនិយាយថាលោកនឹងចូលលេងលើទីលានដីក្រហមក្នុងពាន Geneva Open ក្នុងខែឧសភា រួចនឹងលេងនៅ Roland Garros ដែលនឹងចាប់ផ្ដើមនាថ្ងៃទី៣០ខែឧសភា។
សូមជម្រាបថា Federer បានឈ្នះ French Open តែម្ដងគត់គឺក្នុងឆ្នាំ២០០៩។ លោកបានដកខ្លួនពីពាននេះ៣ឆ្នាំជាប់គ្នាពីឆ្នាំ២០១៦មកដោយសាររបួស តែបានត្រលប់មកវិញក្នុងឆ្នាំ២០១៩ហើយបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
អធិរាជលើទីលានដីក្រហម Rafael Nadal បានឈ្នះ French Open ឆ្នាំមុន ដែលជាការឈ្នះ Grand Slam លើកទី២០ (Australian Open ១ដង, French Open ១៣ដង, Wimbledon ២ដង, US Open ៤ដង)របស់កំពូលកីឡាករអេស្ប៉ាញរូបនេះស្មើនឹង Federer (Australian Open ៦ដង, French Open ១ដង, Wimbledon (៨ដង), US Open (៥ដង)៕