លោក Florentino Perez ប្រធានក្លិប Real Madrid និងជាប្រធាន European Super League បានចេញមុខបកស្រាយការពារការបង្កើតពានរង្វាន់មួយនេះថាដើម្បី«សង្គ្រោះបាល់ទាត់» ខណៈរងការរិះគន់ដ៏ខ្លាំងពី UEFA, FIFA, សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ, សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស, សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី, La Liga, Premier League, Serie A និងអ្នកគាំទ្រ បន្ទាប់ពីចេញសេចក្ដីប្រកាសកាលថ្ងៃអាទិត្យទី១៨ខែមេសាឆ្នាំ២០២១។
លោក Perez និយាយថា៖ «នៅពេលខ្ញុំនិយាយថាសង្គ្រោះបាល់ទាត់ ខ្ញុំមានន័យថាសង្គ្រោះគ្រប់គ្នា ដូច្នេះពួកយើងអាចរស់ក្នុងសន្តិភាពយ៉ាងហោច២០ឆ្នាំទៀត។ ពួកយើងជឿថាទម្រង់នេះអាចសង្គ្រោះបាល់ទាត់ ដូចពាន European Cup បានសង្គ្រោះបាល់ទាត់ក្នុងទសវត្សរ៍១៩៥០អីចឹង។ UEFA បានធ្វើការក្នុងទម្រង់មួយដែលទី១ខ្ញុំមិនយល់ ហើយទី២វាមិនបានបង្កើតចំណូលចំបាច់ដើម្បីសង្គ្រោះបាល់ទាត់ទេ»។
តើគំនិតនៃការបង្កើតពាន ESL លេចឡើងនៅពេលណា?
Super League ត្រូវបានគេនិយាយជាច្រើនទសវត្សរ៍មកហើយ តែទីបំផុតវាត្រូវបានសម្រេចចិត្តបង្កើតឡើងនៅក្នុងកាលៈទេសៈរាតដ្បាតដោយជំងឺអាសន្នរោគនេះដែលបង្ខំឱ្យបាល់ទាត់លេងបិទទ្វារ(គ្មានទស្សនិកជន) បណ្ដាលឱ្យបាត់ចំណូលយ៉ាងសន្ធឹកសន្ធាប់។
«ក្លិបធំៗបំផុតក្នុងប្រទេសអង់គ្លេស អ៊ីតាលី និងអេស្ប៉ាញ ត្រូវស្វែងរកដំណោះស្រាយមួយដើម្បីដោះស្រាយស្ថានភាពដ៏សែនអាក្រក់ដែលពួកគេបានជួប។ សមាគមក្លិបបាល់ទាត់អឺរ៉ុប (ECA) និយាយថាពួកគេបានបាត់បង់លុយ៥ពាន់លានអឺរ៉ូ។ នៅ Real Madrid ពួកយើងមានកញ្ចប់ចំណាយ៨០០លានអឺរ៉ូ ហើយយើងបញ្ចប់ជាមួយចំណូល៧០០លានអឺរ៉ូ។ ឆ្នាំនេះ កុំថាឡើយដល់ចំណូល៩០០លាន ចាំមើលថាតើពួកយើងបាន៦០០លានឬអត់។ ក្នុងពេល២រដូវកាល Real Madrid ខាតបង់៤០០លានអឺរ៉ូ»។ លោក Perez និយាយ។
លោកបន្តថា៖ «នៅពេលអ្នកគ្មានចំណូលអ្វីថែមក្រៅពីចំណូលពីទូរទស្សន៍ វិធីល្អបំផុតដើម្បីបង្កើនចំណូលគឺត្រូវបង្កើតការប្រកួតទាក់ទាញជាងមុនដែលអ្នកគាំទ្រនៅជុំវិញពិភពលោកអាចមើលឃើញ។ ហេតុនេះ ពួកយើងបានសម្រេចថាជាជាងលេងពាន Champions League ពួកយើងនឹងធ្វើពាន Super League ហើយពួកយើងនឹងអាចបំពេញបានវិញទៅលើអ្វីដែលយើងបានបាត់បង់។ ការប្រកួតជាច្រើនមានគុណភាពអន់។ Barcelona ប៉ះ Manchester United គឺល្អមើលជាង Manchester United ប៉ះក្រុមធម្មតាៗមួយ។ តើពិភពលោកទាំងមូលចង់បានអ្វី? ពួកយើងមានអ្នកគាំទ្រនៅជុំវិញពិភពលោក ហើយនោះជាអ្វីដែលបង្កើតលុយ។ ការប្រកួតដទៃមិនបង្កើតលុយទេ ហើយនោះលុយគឺសម្រាប់គ្រប់គ្នា»។
តើពាន European Super League នឹងចាប់ផ្ដើមនៅពេលណា?
គោលបំណងរបស់ក្លិបស្ថាបនិកដំបូងគេទាំង១២គឺចាប់ផ្ដើមភ្លាមៗបើអាចទៅរួច ហើយមានអ្នកខ្លះលើកឡើងថាពាននេះអាចចាប់ផ្ដើមឆាប់បំផុតក្នុងខែសីហា។
លោក Perez និយាយថា៖ «ពួកយើងនឹងព្យាយាមចាប់ផ្ដើមឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ពួកយើងនឹងជជែកជាមួយ UEFA និង FIFA។ ខ្ញុំមិនដឹងថាហេតុអីពួកគេខឹងពួកយើង»។
តបតចំពោះការព្រមានរបស់ប្រធាន UEFA
លោក Aleksander Ceferin ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបបានព្រមានដាក់បម្រាមកីឡាករដែលលេងឱ្យក្រុមដែលអាចលេងពាន Super League មិនឱ្យជាប់ជម្រើសជាតិដើម្បីលេង World Cup និង Euro ទេ។ លោកក៏បានបកអាក្រាតភាពក្រឡេចក្រឡុចរបស់លោក Andrea Agnelli ប្រធានក្លិប Juventus និងលោក Ed Woodward អនុប្រធានក្លិប Manchester United ផងដែរ។
ជាការឆ្លើយតប លោក Perez និយាយថា៖ «កីឡាករទាំងឡាយគួររក្សាភាពស្ងប់ស្ងៀម ព្រោះការគំរាមទាំងនោះនឹងមិនកើតឡើងទេ។ ប៉ុន្តែអ្នកដែលបង្កើតភាពផ្ដាច់មុខនៅ UEFA ត្រូវមានតម្លាភាព។ UEFA មិនមានមុខមាត់ល្អទេ។ ពួកគេបានបង្ហាញទម្រង់ Champions League ថ្មីដែលគ្មាននរណាយល់ ហើយពួកគេនិយាយថាក្នុងឆ្នាំ២០២៤ទម្រង់ថ្មីនឹងចាប់ផ្ដើម។ ទម្រាំដល់២០២៤ ពួកយើងនឹងស្លាប់អស់បាត់ហើយ។ មានក្លិបជាច្រើនដែលខាតបង់រាប់រយលានដុល្លារ»។
«អ្វីដែលប្រធាន UEFA បាននិយាយចំពោះ Angelli គឺជាអ្វីដែលគាត់មិនអាចនិយាយបានទេ។ គាត់បានប្រមាថ Agnelli។ UEFA ត្រូវតែផ្លាស់ប្ដូរ, ពួកយើងមិនចង់បានប្រធានម្នាក់ដែលប្រមាថពួកយើងទេ។ ពួកយើងចង់បានតម្លាភាព។ ពួកយើងទាំងអស់គ្នាចង់បានការផ្លាស់ប្ដូរដើម្បីភាពប្រសើរឡើង។ នឹកស្មានមិនដល់សោះថាក្នុងអឺរ៉ុបដែលប្រជាធិបតេយ្យមានអ្នកនិយាយសម្ដីអស់ទាំងហ្នឹង»៕
ប្រភព៖ Marca