Skip to content
ប្រធាន​ក្លិប Barca ថ្មី​លេប​សម្ដី​ខ្លួន​ឯង​ចំពោះ​ពាន ESL ខណៈ​អនាគត Messi មិនច្បាស់លាស់
    ទំព័រដើម  »  កីឡាជាតិ

ប្រធាន​ក្លិប Barca ថ្មី​លេប​សម្ដី​ខ្លួន​ឯង​ចំពោះ​ពាន ESL ខណៈ​អនាគត Messi មិនច្បាស់លាស់

លោក Joan Laporta បាន​ផ្លាស់​ប្ដូរ​ជំហរ​ចំពោះ​ពាន European Super League ដោយ​មុន​ការ​បោះ​ឆ្នោត លោក​ថា​នឹង​មិន​ចូល​រួម​ទេ តែ​ពេលនេះ​បែរ​ជា​ចូល​រួម​ទៅ​វិញ​។

Marca ​រាយការណ៍​ថា​អំឡុង​យុទ្ធនាការ​ស្វែង​រក​សំឡេង​គាំទ្រ​ដើម្បី​ប្រជែង​តំណែង​ប្រធាន​ក្លិប Barcelona លោក Laporta ​ត្រូវ​បាន​សួរ​អំពី​ការ​ចូល​រួម​ពាន European Super League​។ កាលណោះ លោក បាន​ប្រាប់​សារព័ត៌មាន COPE ​ថា​៖ «ខ្ញុំ​គិត​ថា European Super League ​នឹង​សម្លាប់​ឧស្សាហកម្ម​បាល់ទាត់​។ ​ពាន​នេះ​គឺ​ដើម្បី​លុយ​។ ប៉ុន្តែ​នេះ​ជា​គំនិត​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​។ ខ្ញុំ​មាន​ព័ត៌មាន​តិចតួច​ណាស់​អំពី​របៀប​រៀប​ចំ​ពាន​នេះ​។ ប៉ុន្តែ​ខ្ញុំ​​​មានទស្សនៈ​ថា​លុយ​មិនមែន​ជា​អ្វី​ៗ​គ្រប់យ៉ាង​ទេ​»។

កាលណោះ លោក Laporta ថែម​ទាំង​លើក​ជា​​យោបល់​ថា​គួរ​បង្កើន​ចំនួន​ក្រុម​ក្នុង Club World Cup និង​ជម្រើស​ជាតិ​ World Cup ហើយ​លេង​រៀង​រាល់​២​ឆ្នាំ​ម្ដង ជំនួស​ឱ្យ​ការ​បង្កើត​ពាន European Super League។

តែ​ជាក់​ស្ដែង Barca ក្នុង​សម័យ​ដឹកនាំ​របស់​លោក Laporta ​បាន​ចូល​រួម​បង្កើត​ពាន ESL ជាមួយ​ក្លិប​ធំ​ៗ​១១ផ្សេង​ទៀត​​មក​ពី​អេស្ប៉ាញ អង់គ្លេស និង​អ៊ីតាលី ហើយ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៨​ខែ​មេសា​ឆ្នាំ​២០២១​។

ការ​ចូល​រួម​ពាន​នេះ​ដោយ Barca ​ត្រូវ​បាន Marca គិត​ថា​ធ្វើ​ឱ្យ​អនាគត​របស់ Lionel Messi នៅ Camp Nou ស្ថិត​ក្នុងភាព​មិន​ច្បាស់​លាស់ ព្រោះ UEFA ព្រមាន​ដាក់​បម្រាម​កីឡាករ​លេង​ក្នុង​ពាន​នេះ​មិន​ឱ្យ​ជាប់​ជម្រើស​ជាតិ​។

Messi ​វ័យ​៣២​ឆ្នាំ នឹង​ផុត​កិច្ចសន្យា​ជាមួយ Barca ក្នុង​ខែ​មិថុនា​ខាង​មុខ ស្រប​ពេល​មិនទាន់​មាន​ដំណឹង​អ្វី​អំពី​ការ​បន្ត​កិច្ចសន្យា​ថ្មី​នៅឡើយ​។ គេ​រំពឹង​ថា Messi នឹង​ជួប​ពិភាក្សា​ជាមួយ​ក្លិប Barca រួម​ជាមួយ​ឪពុក​របស់​គេ​និង​លោក​ភ្នាក់ងារ Jorge​ ដើម្បី​ពិគ្រោះ​ពី​ជម្រើស​នានា។ តែ​ឥឡូវ Barca ​ចូល​រួម ESL បាត់​​។

ជា​ការ​ពិត ក្លិប​ធំ​ៗ​ចូល​រួម​ពាន ESL ​បាន​លុយ​ច្រើន។ តួយ៉ាង សម្រាប់ Barca ​គ្រាន់តែ​ចុះ​ឈ្មោះ​​ចូល​រួម បាន​៣០០​លាន​អឺរ៉ូ​បាត់​ទៅ​ហើយ ដែល​លុយ​នេះ​នឹង​ប៉ះប៉ូវ​យ៉ាង​ប្រសើរ​ចំពោះ​ការ​ខាត​បង់​ដោយសារ​ការរាតដ្បាត​​ជំងឺ​កូវីដ​១៩ និង​អាច​ចាត់ចែង​លើ​កិច្ចសន្យា​ថ្មី​របស់ Messi។

ប៉ុន្តែ Messi មិន​ទាន់​ឈ្នះពាន​ធំ​អ្វីជាមួយ​ជម្រើស​ជាតិ​អាហ្សង់ទីន​ទេ ខណៈ​ពាន Copa America និង FIFA World Cup នឹង​ចូល​មក​ដល់​ក្នុង​ពេល​១៨​ខែ​ទៀត​។ វា​អាច​ជា​ឱកាស​ចុង​ក្រោយ​ដែល Messi មាន​ដើម្បី​ឈ្នះពាន​ជាមួ​យ​ជម្រើស​ជាតិ​។

Paris St Germain មិន​ចូល​រួម​ពាន ESL ទេ ហើយ​ពួក​គេ​ក៏​ត្រូវ​បាន​រាយការណ៍​ថា​ត្រៀម​​ម្រាម​ដៃ​១០​​​​ស្វាគមន៍ Messi ​ផ្លាស់​ទៅ​ដែរ​​៕

ប្រភព៖ Marca