សហប្រធានក្លិប Manchester United លោក Joel Glazer និយាយថាក្លិបសូមទោសដោយស្មោះអស់ពីចិត្តចំពោះកោលាហលដែលបណ្ដាលមកពីគម្រោងពាន European Super League។
ការនិយាយជាសាធារណៈយ៉ាងកម្ររបស់មហាសេដ្ឋីអាមេរិករូបនេះកើតឡើងបន្ទាប់ពីមហាសេដ្ឋីអាមេរិកម្ចាស់ក្លិប Liverpool លោក John W Henry បានសូមទោសអ្នកគាំទ្រហង្សក្រហម។
លោក Glazer និយាយក្នុងលិខិតចំហមួយទៅកាន់អ្នកគាំទ្រថា៖ «ពួកយើងបានបរាជ័យក្នុងការបង្ហាញការគោរពគ្រប់គ្រាន់ចំពោះប្រពៃណីដែលចាក់ឫសយ៉ាងជ្រៅរបស់ក្លិប។ ពួកយើងសូមទោសចំពោះរឿងនេះ។ នេះជាក្លិបបាល់ទាត់ដ៏អស្ចារ្យបំផុតក្នុងពិភពលោក ហើយពួកយើងសូមទោសដោយស្មោះអស់ពីចិត្តចំពោះកោលាហលដែលកើតឡើងក្នុងពេលពីរបីថ្ងៃចុងក្រោយនេះ។ Manchester United មានមរតកដ៏មហាសាលហើយពួកយើងមើលឃើញទំនួលខុសត្រូវរបស់យើងក្នុងការបំពេញឱ្យសមស្របទៅនឹងតម្លៃនិងប្រពៃណីដ៏អស្ចារ្យរបស់ក្លិបនេះ»។
លោក Glazer បន្ថែមថាក្លិបក៏បានដឹងខ្លួនថាត្រូវការមានទំនាក់ទំនងប្រសើរជាងនេះជាមួយអ្នកគាំទ្រនិងធ្វើការរួមគ្នាដើម្បីស្វែងរកដំណោះស្រាយរយៈពេលវែងចំពោះបញ្ហាប្រឈមក្នុងបាល់ទាត់។
អ្នកសារព័ត៌មាន BBC Sport លោក Simon Stone និយាយថានេះជាការនិយាយដ៏កម្ររបស់លោក Glazer អំពី Man Utd។ មហាសេដ្ឋីរូបនេះបាននិយាយតែមួយលើកគត់ក្នុងសម្ភាសន៍ជាមួយទូរទស្សន៍ MUTV ពេលលោកចូលគ្រប់គ្រងក្លិបនេះក្នុងឆ្នាំ២០០៥។
ប្រធានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស និយាយថាសោមនស្សណាស់ដែលការប្រឆាំងរបស់អ្នកគាំទ្រចំពោះពាន ESL ត្រូវបានគេឮនិងស្ដាប់តាម៕