Skip to content
លោក Perez ​៖ ខ្ញុំ​ក្រៀមក្រំ​និង​ខកចិត្ត គេ​ប្រឆាំង​ប្រហែល​ដោយសារយើង​មិន​បាន​​ពន្យល់​​ពី ESL ឱ្យ​បានក្បោះក្បាយ​
    ទំព័រដើម  »  កីឡាជាតិ

លោក Perez ​៖ ខ្ញុំ​ក្រៀមក្រំ​និង​ខកចិត្ត គេ​ប្រឆាំង​ប្រហែល​ដោយសារយើង​មិន​បាន​​ពន្យល់​​ពី ESL ឱ្យ​បានក្បោះក្បាយ​

បន្ទាប់​ពីសមាជិកស្ថាបនិក​ចំនួន​៨​បាន​ដក​ខ្លួន​ចេញ​វិញ​​​ធ្វើ​ឱ្យ​ពាន European Super League មិនអាច​លេច​ចេញ​ជា​រូបរាង​បាន ប្រធាន​ក្លិប Real Madrid និង ESL លោក Florentino Perez និយាយ​ថា​លោក​ក្រៀមក្រំ​និង​ខក​ចិត្ត​ដែល​គម្រោង​ការ​ខំពិភាក្សា​គ្នា​៣​ឆ្នាំ​ត្រូវ​រលាយ​។ លោក​ថា​​ប្រហែល​ដោយសារ​មិន​បានពន្យល់​ឱ្យ​បានល្អ​អំពីពាន​នេះ​ទើប​បណ្ដាល​ឱ្យ​​រង​ការ​រិះគន់​និង​ថ្កោល​ទោស​ខ្លាំង​​។

លោក Perez បាន​និយាយ​ក្នុង​កម្មវិធី El Larguero លើ​ Cadena SER ​ថា​៖ «ខ្ញុំ​ក្រៀមក្រំ​ណាស់​និង​ខក​ចិត្ត​ព្រោះ​ពួកយើង​បាន​ធ្វើការ​លើ​គម្រោង​នេះ​អស់​រយៈ​ពេល​​​ប្រមាណ​៣​ឆ្នាំ​ ហើយ​ប្រហែល​ពួក​យើង​មិន​អាច​ពន្យល់​​ពី​ពាននេះ​ឱ្យ​បានល្អ​បាន​។ ទម្រង់ Champions League គឺ​ចាស់​គំរឹល ហើយ​គួរ​ឱ្យ​ចាប់​អារម្មណ៍​តែ​ចាប់ពី​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ទៅ​ប៉ុណ្ណោះ។ ច្បាស់​ណាស់ ទម្រង់​នេះ​មិនដំណើរការ​ល្អ​ទៀត​ទេ ដូច្នេះ​ពួកយើង​បាន​គិត​ថា​ពួកយើង​អាច​មាន​ទម្រង់​មួយ​ដែល​ក្រុម​សំខាន់​ៗ​នៅអឺរ៉ុប​​ប្រកួត​គ្នា​តាំង​ពី​​ដើម​រដូវកាល​ទៅ​តែ​ម្ដង​។ ពួក​យើង​បាន​កំណត់​ចំនួន​ក្រុម​និង​មានអារម្មណ៍​ថា​ពួក​យើង​អាច​បង្កើត​លុយ​បាន​ច្រើនជាងមុន និង​លុយ​ច្រើន​ជាងមុន​សម្រាប់​ក្រុម​ដទៃ​ទៀត​ផងដែរ​​»។

លោក Perez បន្ថែម​ថា​មែនទែន​ទៅ ក្នុង​ចំណោម​ក្លិប​អង់គ្លេស​ទាំង​៦​ដែល​បាន​ដក​ខ្លួន មាន​ខ្លះ​ស្ទាក់ស្ទើរ​តាំងពី​ដើម​ទី តែ​លោក​មិន​​បញ្ចេញ​ឈ្មោះ​ក្លិប​នោះ​ទេ​។ លោក​ថា​ក្លិប​​ធំ​អង់គ្លេស​ទាំង​៦​ភាគ​ច្រើន​មាន​ម្ចាស់​ជា​ជនជាតិ​អាមេរិក ពួក​គេ​ចាកចេញដោយសារ​បរិយាកាស​។

លោក​បន្ត​ទៀត​ថា FIFA បាន​បង្កើត​​ទស្សនីយភាព​​ធំ​មួយ​ដូច​ក្លិប​ទាំង​១២​បាន​ទម្លាក់​គ្រាប់​បែក​បរិមាណូ​អីចឹង​។ ​ប្រហែល​ដោយសា​រ​ពួក​លោក​មិន​បាន​ពន្យល់​ឱ្យ​បាន​ក្បោះក្បាយ​អំពី​ពាននេះ ប៉ុន្តែ​ពួកគេក៏​មិ​នបាន​ផ្ដល់​ឱកាស​ឱ្យ​​ពួក​លោក​បកស្រាយ​ដែរ​។ គឺ​មនុស្ស​មួយ​ចំនួន​មិន​ចង់​បាន​​ការ​ពន្យល់​នោះ​តែ​ម្ដង​។

លោក​ថា​លោក​បាន​ធ្វើការ​ក្នុង​​បាល់ទាត់​២០​ឆ្នាំ​ហើយ តែ​មិនដែល​ឃើញ​ការ​ប្រតិកម្ម​ទាំង​កំហឹង​យ៉ាង​ខ្លាំងនិង​ការ​គំរាម ​ពី​ប្រធាន UEFA និង​អាជ្ញាធរ​បាល់ទាត់​ក្នុង​ប្រទេស​មួយ​ចំនួន​ដូច្នេះ​ទេ​។

លោក​ថា​វា​ប្រៀប​ដូច​ជា​ពួក​លោក​បាន​សម្លាប់​មនុស្ស​ណាម្នាក់​។ ប្រៀប​ដូច​ពួក​លោក​បាន​សម្លាប់​បាល់ទាត់​អីចឹង​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ពួក​លោក​បានព្យាយាម​ធ្វើការ​ដើម្បី​សង្គ្រោះ​បាល់ទាត់​​ទេ​តើ​។

ចំណែក​លោក Andrea Agnelli ដែល​ជា​ប្រធានក្លិប Juventus និង​ជា​​អតីត​ប្រធាន​សមាគម​ក្លិប​បាល់ទាត់​អឺរ៉ុប ECA សារភាព​ថា​ពាន ESL មិនអាច​ទៅ​មុខ​ទៀត​បាន​ទេ​ដោយសារ​គេ​ដក​ខ្លួន​ជិត​អស់​ហើយ ប៉ុន្តែ​លោក​នៅ​តែ​​ជឿជាក់​ថា​គោល​បំណង​នៃ​ការ​បង្កើត ESL គឺ​ល្អ៕