Skip to content
Schalke 04 ធ្លាក់ពី Bundesliga ជា​លើក​ដំបូង​ក្នុងពេល​៣០​ឆ្នាំ​
    ទំព័រដើម  »  កីឡាជាតិ

Schalke 04 ធ្លាក់ពី Bundesliga ជា​លើក​ដំបូង​ក្នុងពេល​៣០​ឆ្នាំ​

ក្រុម Schalke 04 ត្រូវ​បាន​កាត់​ទម្លាក់​ពី Bundesliga ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៣​ទសវត្សរ៍​ចុង​ក្រោយ បន្ទាប់​ពី​ពួក​គេ​ប្រកួត​ចាញ់​១-០​នៅ​ទឹកដី Arminia Bielefeld យប់​ថ្ងៃ​ពុធ​ទី​២១​ខែ​មេសាឆ្នាំ​២០២១​ ខណៈ​សល់​៤​សប្ដាហ៍​ប្រកួត​ទៀត​។

ក្រុម​ដែល​មាន​ឯកសណ្ឋាន​ប្រចាំ​ត្រកូល​ពណ៌​​ខៀវ​លាយ​ស គឺ​ជា​ជើងឯក​រង​លីគ​កំពូល​អាល្លឺម៉ង់​កាល​ពី​ឆ្នាំ​២០១៨​។ ប៉ុន្តែ​តាំង​ពី​​ខែ​មករា​ឆ្នាំ​២០២០​មក ពួក​គេ​ស្គាល់​រសជាតិ​ជ័យជម្នះ​តែ​២​លើកគត់​ក្នុង Bundesliga​។

ក្រុម​ដែល​កំពុង​ជួប​​វិបត្តិ​ហិរញ្ញវត្ថុ​មួយ​នេះ​នឹង​ធ្លាក់​ទៅលេង Bundesliga 2 ជា​លើក​ទី​១​តាំង​ពី​ឆ្នាំ​១៩៩១​មក​​។

ក្រោយ​ការ​ធ្លាក់​នេះ វីរបុរស​បាល់ទាត់​អេស្ប៉ាញ Raul ដែល​បាន​ចេញ​ពី Real Madrid មក​​លេង​ឱ្យ Schalke ពី​ឆ្នាំ​២០១០​ដល់​២០១២, រក​បាន​៤០​គ្រាប់​និង​អាស៊ីស​២១​គ្រាប់ ផ្ញើសារ​តាម Instagram ថា​៖ «ពួក​យើង​ស្រលាញ់​អ្នក​។ ខៀវ​និងស​អស់​មួយ​ជីវិត​»។

Raul ​បាន​ជួយ Schalke ឈ្នះ​ពាន DFB Pokal រដូវកាល​២០១០-១១, DFL Supercup 2011 និង​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League 2010-11​។

គួរ​​ជម្រាប​ថា Schalke ​ធ្លាប់​ឈ្នះ​ជើងឯកលីគ​កំពូល​អាល្លឺម៉ង់​៧​ដង គឺ​ក្នុង​ឆ្នាំ​១៩៣៤, ១៩៣៥, ១៩៣៧, ១៩៣៩, ១៩៤០, ១៩៤២ និង​ចុង​ក្រោយ​ក្នុង​ឆ្នាំ​១៩៥៨​៕