បាល់ទាត់ ជាកីឡាមួយប្រភេទដែលកំពុងមានភាពពេញនិយមបំផុតមួយនៅទូទាំងពិភពលោក។ ប៉ុន្ដែអ្នកមានដឹងទេថា ហេតុអ្វីពេលខ្លះ គេហៅវាថា Football ហើយពេលខ្លះទៀតគេហៅថា Soccer?
ដោយសារកីឡានេះមានដើមកំណើតពីអង់គ្លេស ពាក្យ Soccer ជារឿយៗត្រូវបានគិតថាជាពាក្យអាមេរិក។ តាមពិតពាក្យ Soccer ក៏មានឫសគល់ចេញពីអង់គ្លេសដែរទេ។ អីចឹង ម៉េចបានជាយើងឮប្រជាជនអាមេរិកនិយមប្រើពាក្យ Soccer ជាងប្រជាជនអង់គ្លេស?
តាមពិតទៅ Soccer ដែលយើងឃើញបច្ចុប្បន្ន គ្រាន់តែជាពាក្យដែលត្រូវបានកៅកាត់ខ្លីជំនួសឱ្យឈ្មោះពេញនៃកីឡាបាល់ទាត់គឺ Association Football។ នៅអំឡុងសតវត្សរ៍ទី១៩ បាល់ទាត់ត្រូវបានកំណត់ឈ្មោះថា Association Football បន្ទាប់ពីអង់គ្លេសបង្កើតសហព័ន្ធកីឡាបាល់ទាត់ដំបូងគេក្នុងឆ្នាំ១៨៦៣ ឈ្មោះថា Football Association (FA)។ Association Football ត្រូវបានហៅកាត់ថា socca នៅឆ្នាំ ១៨៨៩ ក្រោយមកប្ដូរទៅជា socker មុនពេលផ្លាស់ប្ដូរទៅជា soccer នៅឆ្នាំ ១៨៩៥ ហើយឈ្មោះ នេះត្រូវបានប្រើប្រាស់មកទល់បច្ចុប្បន្ន។ យ៉ាងណាក៏ដោយ នៅអង់គ្លេស Soccer គ្រាន់តែជាឈ្មោះក្រៅ (nickname) ប៉ុណ្ណោះ ស្របពេលឈ្មោះផ្លូវការ Association Football សព្វថ្ងៃ ត្រូវបានហៅខ្លីយ៉ាងសាមញ្ញថា Football។
កីឡាបាល់ទាត់ចាប់ផ្ដើមបោះជំហានចូលសហរដ្ឋអាមេរិកនៅចុងសតវត្សរ៍ទី១៩។ ពេលអាមេរិកបង្កើតសហព័ន្ធកីឡាបាល់ទាត់ក្នុងទសវត្សរ៍១៩១០ អាមេរិក បានប្រើពាក្យថា The United States Football Association។
តែអាមេរិកមានកីឡាផ្ទាល់ខ្លួនដែលពេញនិយមជាងគេគឺ American Football។ ដោយសារ American Football កាន់តែកើនឡើងប្រជាប្រិយភាព ក្នុងឆ្នាំ១៩៤៥ អាមេរិកបានបន្ថែមពាក្យ Soccer ចូលក្នុងឈ្មោះសហព័ន្ធកីឡាបាល់ទាត់របស់ខ្លួន ទៅជា The United States Soccer Football Association ដើម្បីកុំឱ្យច្រឡំគ្នាជាមួយ American Football។ ក្រោយមកទៀតពាក្យ អាមេរិកលុបពាក្យ Football Association ចេញទាំងស្រុងតែម្ដង នាំឱ្យសហព័ន្ធកីឡាបាល់ទាត់អាមេរិកប្រែឈ្មោះជា United States Soccer Federation (USSF) មកទល់បច្ចុប្បន្ន។
នៅសហរដ្ឋអាមេរិកវិញ សព្វថ្ងៃ កាលណាគេនិយាយពី “Soccer” និង “Football” គឺគេសំដៅទៅលើកីឡាពីរផ្សេងគ្នា ដោយ Soccer សំដៅទៅលើប្រភេទកីឡាបាល់មូល ដែលអាចប្រើជើងទាត់ និង អាចប្រើក្បាលតែត។ ចំណែកឯ American Football ជាប្រភេទកីឡាដែលប្រើបាល់ទ្រវែង ដែលត្រូវបានគេប្រើដៃដើម្បីគ្រវែងរឺបញ្ជូន ហើយក៏អាចប្រើជើងទាត់បានផងដែរ៕