Skip to content
Man Utd នឹងលេង៤ប្រកួតចន្លោះពេល៨ថ្ងៃ ក្រោយជំនួបជាមួយ Liverpool កាលពីចុងសប្ដាហ៍ត្រូវបានលើកពេល
    ទំព័រដើម  »  កីឡាជាតិ

Man Utd នឹងលេង៤ប្រកួតចន្លោះពេល៨ថ្ងៃ ក្រោយជំនួបជាមួយ Liverpool កាលពីចុងសប្ដាហ៍ត្រូវបានលើកពេល

ការប្រកួតរវាង Manchester United និង Liverpool នៅ Premier League ដែលត្រូវបានផ្អាកកាលពីចុងសប្ដាហ៍កន្លងទៅ នឹងត្រូវរៀបចំធ្វើនៅថ្ងៃទី១៣ ខែឧសភាជំនួសវិញ។

ការសម្រេចនេះ បានធ្វើឱ្យ Man Utd បង្ខំលេង៤ប្រកួតចន្លោះពេល៨ថ្ងៃ ដោយការប្រកួតក្នុងទឹកដីរបស់ពួកគេទល់នឹង Leicester City ត្រូវប្ដូរមកថ្ងៃទី១១ ខែឧសភាវិញ។

សូមរំឭកថា អ្នកគាំទ្រ Man Utd បានធ្វើបាតុកម្មប្រឆាំងនឹងម្ចាស់ក្លិបគ្រួសារ Glazer នៅកីឡដ្ឋាន Old Trafford ហើយនិងនៅសណ្ឋាគារដែលកីឡាករស្នាក់នៅ ដោយពាក់ព័ន្ធនឹងបញ្ហាចម្រូងចម្រាស់ជាច្រើន មុនការប្រកួតទល់នឹង Liverpool កាលពីថ្ងៃអាទិត្យ ទើបមានការសម្រេចលើកពេលប្រកួត។

អាជ្ញាធរ៦នាក់ បានរងរបួសអំឡុងពេលទប់ស្កាត់ក្រុមបាតុករ ដែលបានសំរុកចូលកីឡដ្ឋានជាង២០០នាក់ ហើយនេះជាប្រកួតដំបូងនៅ Premier League ដែលត្រូវលើកពេលដោយសារហ្វូងបាតុករ។

បច្ចុប្បន្នក្រុមបិសាចក្រហមកំពុងត្រៀមខ្លួនសម្រាប់ការប្រកួត ជើងទី២វគ្គ៨ក្រុមចុងក្រោយ Europa League ទល់នឹង Roma នារាត្រីនេះ ដោយកាលពីជើងទី១ ពួកគេទទួលជ័យជម្នះដោយលទ្ធផល ៦-២។

នៅថ្ងៃទី៩ ខែឧសភា ក្រុមរបស់លោក Ole Gunnar Solskjaer នឹងធ្វើដំណើរទៅប្រកួត Premier League នៅទឹកដីរបស់ Aston Villa ហើយពីរថ្ងៃបន្ទាប់ពោលគឺថ្ងៃទី១១ ពួកគេនឹងទទួលក្រុមភ្ញៀវ Leicester នៅកីឡដ្ឋាន Old Trafford មុនពេលលេងក្នុងការប្រកួតដែលលើកពេលទល់នឹង Liverpool នៅថ្ងៃទី១៣ ខែឧសភា៕