Roma ចូលខ្លួនប្រជែង Manchester United និង Arsenal ដើម្បីទិញខ្សែការពារកណ្ដាលជនជាតិអង់គ្លេស Ben White របស់ Brighton & Hove Albion តាមការណែនាំរបស់លោក Jose Mourinho ដែលនឹងចូលបង្វឹកក្រុមនេះនៅរដូវក្ដៅខាងមុខ។ នេះបើតាមការរាយការណ៍របស់ The Sun។ ខ្សែការពារវ័យ២៣ឆ្នាំដែលអាចលេងជាខ្សែបម្រើការពារបានដែរនេះមានតម្លៃប្រមាណ៤៥លានផោន។ White បានបង្ហាញភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងពេល២ឆ្នាំចុងក្រោយ រួមទាំងពេលលេងឱ្យ Leeds United លើកិច្ចសន្យាខ្ចីរដូវកាលមុនផងដែរ។
សារព័ត៌មាន Express ក៏រាយការណ៍ទាក់ទងនឹងលោក Mourinho ដែរថាចង់ធ្វើការជាថ្មីជាមួយអ្នកចាំទីអាហ្សង់ទីន Sergio Romero ពេលលោកចូលកាន់តំណែងនៅ Roma ជាផ្លូវការ។ Romero វ័យ៣៤ឆ្នាំលែងស្ថិតក្នុងគម្រោងរបស់លោក Ole Gunnar Solskjaer ទៅហើយ និងមិនដែលបានលេងឡើយក្នុងរដូវកាលនេះ។
ស្របគ្នានេះ The Sun ផ្សាយថា Manchester United សម្លឹងឃើញអតីតអ្នកចាំទីរបស់ខ្លួនមួយរូបគឺ Tom Heaton វ័យ៣៥ឆ្នាំដែលកំពុងលេងឱ្យ Aston Villa ដើម្បីមកជំនួសកៅអី Romero។
Telegraph រាយការណ៍ថា Arsenal កំពុងពិចារណាលើការផ្ទេរខ្សែប្រយុទ្ធបារាំង Moussa Dembele។ កីឡាករវ័យ២៤ឆ្នាំកំពុងលេងឱ្យ Atletico Madrid លើកិច្ចសន្យាខ្ចីពី Lyon។
ស្របពេលលោក Thomas Tuchel កំពុងធ្វើបានយ៉ាងល្អក្នុងនាមជាអ្នកចាត់ការ Chelsea តាំងពីចូលជំនួសតំណែងលោក Frank Lampard ចុងខែមករាមក ពេលនេះក្លិបតោខៀវត្រៀមផ្ដល់កិច្ចសន្យាថ្មី៣ឆ្នាំនៅដំណាច់រដូវកាល២០២០-២១ដល់អ្នកជំនាញតាក់ទិចជនជាតិអាល្លឺម៉ង់រូបនេះ។ នេះបើតាមការផ្សាយរបស់ Daily Mail។ លោក Tuchel បានចូលកាន់តួនាទីជាអ្នកចាត់ការ Chelsea ថ្ងៃទី២៦ខែមករាឆ្នាំ២០២១ លើកិច្ចសន្យារយៈពេល១៨ខែ អមដោយជម្រើសបន្លាយថែម១ឆ្នាំទៀត។
ពាក់ព័ន្ធនឹង Barcelona វិញ សារព័ត៌មាន Goal រាយការណ៍ថា Barcelona បានឈានដល់ការព្រមព្រៀងជាមួយខ្សែការពារកណ្ដាលវ័យក្មេងជម្រើសជាតិអេស្ប៉ាញ Eric Garcia ហើយ។ កីឡាករវ័យ២០ឆ្នាំរូបនេះនឹងចេញពី Manchester City ដោយគ្មានតម្លៃផ្ទេរនៅដំណាច់រដូវកាលនេះ ពេលកិច្ចសន្យាអស់សុពលភាព។
Football Insider ចុះផ្សាយថា Manchester United នៅតែបន្តការព្យាយាមដើម្បីទិញខ្សែប្រយុទ្ធកណ្ដាល Harry Kane វ័យ២៧ឆ្នាំ របស់ Tottenham។
Calciomercato រាយការណ៍ថា ខ្សែប្រយុទ្ធបារាំងវ័យ៣៤ឆ្នាំ Olivier Giroud របស់ Chelsea កំពុងស្ថិតក្នុងរ៉ាដារបស់ក្លិបអ៊ីតាលី Inter Milan និង Lazio។ សារព័ត៌មានដដែលនេះផ្សាយថា AC Milan ក៏ចាប់អារម្មណ៍កីឡាករកំពុងលេងក្នុង Premier League ម្នាក់ដែរ គឺខ្សែការពារស្លាបស្ដាំកូឌីវ័រវ័យ២៨ឆ្នាំ Serge Aurier របស់ Tottenham។
Aurier នេះក៏ត្រូវបាន Real Madrid ចាប់អារម្មណ៍ដែរ បើតាមការរាយការណ៍របស់ Foot Mercato។
យោងតាម AllFootball ខ្សែការពារកណ្ដាល Aymeric Laporte របស់ Manchester City ទទួលបានការអនុញ្ញាតពី FIFA ដើម្បីប្ដូរជម្រើសជាតិពីបារាំងមកលេងឱ្យអេស្ប៉ាញវិញហើយ។ កីឡាករវ័យ២៦ឆ្នាំដែលកើតនៅបារាំងតែដុះដាលក្នុងថ្នាល Athletic Bilbao ឡើងល្អនៅក្លិបអេស្ប៉ាញមួយនេះពុំសូវស្ថិតក្នុងក្រសែភ្នែកលោក Didier Deschamps គ្រូបង្គោលជម្រើសជាតិបារាំងទេ។ ពីរបីសប្ដាហ៍មុន លោក Luis Enrique គ្រូបង្គោលជម្រើសជាតិអេស្ប៉ាញបានស្នើទៅសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញដើម្បីឱ្យពិនិត្យលទ្ធភាពកោះហៅ Laporte ចូលជម្រើសជាតិអេស្ប៉ាញ។ ឥឡូវនេះមានប្រភពមួយពីសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញបង្ហើបថាប្ដូរជម្រើសជាតិបានជោគជ័យហើយ៕