បរាជ័យ១-២របស់ Manchester United ក្រោមថ្វីជើង Leicester City យប់ថ្ងៃអង្គារទី១១ខែឧសភា បានផ្ដល់ជើងឯក Premier League ជាផ្លូវការទៅឱ្យ Manchester City ដែលនាំមុខដាច់១០ពិន្ទុ ខណៈសល់តែ៣ប្រកួតម្នាក់ទៀតក្នុងរដូវកាល២០២០-២១នេះ។
នេះជាការឈ្នះលីគកំពូលអង់គ្លេសលើកទី៧ក្នុងប្រវត្តិសាស្ត្រ Man City និងជាការគ្រងជើងឯកលីគលើកទី៣ក្នុងរយៈពេល៤រដូវកាលចុងក្រោយរបស់ក្រុមមេឃខៀវ ក្រោមការដឹកនាំដោយអ្នកចាត់ការ Pep Guardiola។
ប៉ុន្តែជើងឯកលើកនេះត្រូវបានលោក Pep ពណ៌នាថាយកបានដោយលំបាកជាងគេធៀបនឹងការឈ្នះលើកមុនៗ។ លើសពីនេះ អ្នកចាត់ការដែលធ្លាប់ដឹកនាំក្រុម Barcelona និង Bayern Munich ថែមទាំងសង្កត់ធ្ងន់ថាលីគអង់គ្លេសជាលីគដែលតានតឹងជាងគេបំផុត។
អ្នកជំនាញតាក់ទិចជនជាតិអេស្ប៉ាញ និយាយថា៖ «រដូវកាលនេះមិនដូចរដូវកាលកន្លងទៅឡើយ ហើយជើងឯក Premier League លើកនេះក៏មិនដូចការឈ្នះលើកមុនៗដែរ។ ជើងឯកលើកនេះបានមកដោយលំបាកជាងគេ។ ពួកយើងនឹងចងចាំរដូវកាលនេះចំពោះរបៀបដែលយើងបានឈ្នះពាន។ ខ្ញុំមានមោទកភាពណាស់ក្នុងនាមជាអ្នកចាត់ការនៅទីនេះនិងជាអ្នកចាត់ការរបស់កីឡាករមួយក្រុមនេះ។ ពួកគេគឺពិសេសណាស់»។
«ការឆ្លងកាត់រដូវកាលនេះជាមួយនឹងការបិទខ្ទប់និងការលំបាកនានាដែលពួកយើងបានប្រឈម និងភាពឋិតថេរនៃគុណផលដែលពួកយើងមាន គឺមិនធម្មតាឡើយ។ ពួកយើងខិតខំឥតបង្អង់ដៃ។ ជារៀងរាល់ថ្ងៃ ពួកយើងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជោគជ័យ, ពួកយើងព្យាយាមជានិច្ចដើម្បីប្រសើរឡើង។ កីឡាកររបស់យើងឡើងជើងវិញយ៉ាងរហ័ស។ ខ្ញុំធ្លាប់នៅអេស្ប៉ា, ខ្ញុំធ្លាប់នៅអាល្លឺម៉ង់ ហើយខ្ញុំអាចនិយាយថានេះ(Premier League)ជាលីគដែលតានតឹងជាងគេបំផុត។ ខ្ញុំនិយាយបានថាតានតឹងជាងគេឆ្ងាយណាស់។ ដូច្នេះការឈ្នះជើងឯកនេះមានន័យខ្លាំងណាស់ចំពោះគ្រប់គ្នា»។
ស្របគ្នានេះដែរ ប្រធានក្រុម Fernandinho និយាយថា៖ «ខ្ញុំមានមោទកភាពណាស់និងរីករាយយ៉ាងខ្លាំងចំពោះអ្វីដែលពួកយើងសម្រេចបាន។ Premier League ជាលីគដែលលំបាកជាងគេបំផុតក្នុងពិភពបាល់ទាត់។ គ្រប់ការប្រកួតសុទ្ធតែតានតឹង។ បានឈ្នះពាននេះម្ដងទៀតមានន័យស្មើនឹងបានពិភពលោកចំពោះខ្ញុំនិងចំពោះកីឡាករទាំងអស់ក្នុងក្រុម។ ពួកយើងនឹងរីករាយចំពោះវេលានេះនិងសង្ឃឹមថាអ្នកគាំទ្រនឹងរីករាយដូចគ្នាដែរ។ ពួកយើងនឹងបន្តធ្វើគ្រប់យ៉ាងដែលពួកយើងអាចធ្វើបានដើម្បីនាំយកពាន Champions League រដូវកាលនេះមកផ្ទះ»។
សូមជម្រាបថា តាំងពីចូលដឹកនាំ Man City ក្នុងរដូវក្ដៅឆ្នាំ២០១៦មកទល់ពេលនេះ លោក Pep បច្ចុប្បន្នវ័យ៥០ឆ្នាំ បានឈ្នះពាន៨ហើយក្នុងប្រទេសអង់គ្លេស (PL ៣, FA Cup ១, League Cup ៤)។ បើរាប់ទាំង FA Community Shield ២ដងទៀតគឺ១០ពាន។
នៅថ្ងៃទី២៩ខែឧសភា លោក Pep នឹងដឹកនាំ Man City តតាំង Chelsea ក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិបមេឃខៀវ៕