Skip to content
Bayern Munich ចែក​ផ្លូវ​ជាមួយ​ខ្សែការពារ​ដ៏​ជោគជ័យ​​៣​នាក់
    ទំព័រដើម  »  កីឡាជាតិ

Bayern Munich ចែក​ផ្លូវ​ជាមួយ​ខ្សែការពារ​ដ៏​ជោគជ័យ​​៣​នាក់

Bayern Munich បាន​​ប្រកាស​​លា​គ្នា​ជា​ផ្លូវការ​ហើយ​ជាមួយ​ខ្សែការពារ​សម្បូរ​បទ​ពិសោធ​ដ៏​ជោគជ័យ​៣​រូប គឺ David Alaba, Javi Martinez និង Jerome Boateng​។

កីឡាករ​ទាំង​៣​ដែល​ជា​កំផែង​ការពារ​ដ៏​រឹងមាំ​ក្នុង​យុគ​ដ៏​ជោគជ័យ​របស់ Bayern រយៈ​កាល​១​ទសវត្សរ៍​ចុង​ក្រោយ​នេះ ​នឹង​ចាកចេញពី​​ក្លិប​នៅ​ពេល​កិច្ចសន្យា​ផុត​កំណត់​ក្នុង​ខែ​មិថុនា​ឆ្នាំ​២០២១​។ ​ពួកគេ​​ត្រូវ​បាន​ក្លិប​យក្ស​អាល្លឺម៉ង់​មួយនេះ​ហៅថា​ជា Legend ​របស់​ក្លិប​ជា​រៀង​រហូត​។

ខ្សែ​ការពារ​ជម្រើស​ជាតិ​អូទ្រីស Alaba ដែល​នឹង​ឈាន​ចូល​វ័យ​២៩​ឆ្នាំ​នៅ​ខែ​ក្រោយ ​ត្រូវ​បាន​រាយការណ៍​ថា​នឹង​ចុះ​កិច្ចសន្យា​ជាមួយ​ក្លិប​ថ្មី Real Madrid។ គេ​បាន​រួមរស់​ជាមួយ Bayern ក្នុង​​ឆ្នាំ​២០០៨ មុន​ឡើង​ចូល​ក្រុម​ធំតាំង​ពី​២០១០​​មក​។

ចំណែក​ខ្សែ​ការពារ​អាល្លឺម៉ង់​វ័យ​៣២​ឆ្នាំ Boateng និង​​​ខ្សែការពារ​អេស្ប៉ាញ Martinez ​វ័យ​៣២​ឆ្នាំ​ដែរ​ មិន​ទាន់​កំណត់​គោលដៅ​បន្ទាប់​នៅឡើយទេ​។ អ្នក​ទាំង​២​នឹង​ឈាន​ចូល​វ័យ​៣៣​ឆ្នាំ​ដូច​គ្នា​នៅ​ដើម​​ខែ​កញ្ញា​ខាង​មុខ​។

មាន​ការ​ប៉ាន់ស្មាន​មួយ​ថា Martinez ដែល​បាន​ផ្ទេរ​ពី Bilbao មក​​ចូល​រួម​ Bayern ក្នុង​ឆ្នាំ​២០១២ ទំនង​ផ្លាស់​​​ទៅលេង​ក្នុង​លីគ​អាមេរិក Major League Soccer​ ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី​។

Boateng ដែល​បាន​ផ្លាស់​ពី Manchester City មក Bayern ក្នុង​ឆ្នាំ​២០១១ ធ្លាប់​ត្រូវ​បា​ន​ភ្ជាប់​នឹង​ការ​ចង់​បាន​ពី​សំណាក់​ក្លិប​ល្មម​ៗ​មួយ​ចំនួន​នា​ពេល​កន្លង​មក​។

កាល​ពី​យប់​ថ្ងៃ​អង្គារ​ទី​១៨ខែ​ឧសភា Bayern ក៏​បាន​ប្រកាស​ផង​ដែរ​ថា​គ្រូជំនួយ​២​រូប គឺ​លោក Miroslav Klose និង​លោក Hermann Gerland នឹង​ចាកចេញ​ពី​​ក្លិប​នៅ​ដំណាច់​រដូវកាល​២០២០-២១​នេះ​។

Bayern នឹង​មាន​គ្រូ​បង្វឹក​ថ្មី​សម្រាប់​រដូវកាល​ក្រោយ គឺ​លោក Julian Nagelsmann​។ គ្រូ​បង្វឹក​វ័យ​៣៣​ឆ្នាំ​រូបនេះ​នឹង​ចូល​ស្នង​តំណែង​លោក Hansi Flick ចាប់​ពី​ថ្ងៃ​ទី​១​ខែ​កក្កដា​ឆ្នាំ​២០២១​ទៅ​៕