អ្នកចាត់ការ Liverpool លោក Jurgen Klopp បានប្រដូចជ័យជម្នះ៣-០នៅទឹកដី Burnley យប់មិញថាដូចឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈក្រុមហង្សក្រហមឡើងចូលចំណាត់ថ្នាក់កំពូលទាំង៤ Premier League ហើយការប្រកួតបិទរដូវកាលនៅថ្ងៃអាទិត្យទល់ Crystal Palace គឺជាវគ្គផ្ដាច់ព្រ័ត្រ ដើម្បីធានាកៅអី Champions League រដូវកាលក្រោយ។
ជ័យជម្នះដ៏មិនគួរឱ្យជឿនៅទឹកដី West Brom ថ្ងៃអាទិត្យមុនដែលរកបានដោយអ្នកចាំទី Alisson តែតបាល់ជ្រុងក្នុងនាទី៩០+៥ បានរក្សាក្ដីសង្ឃឹមរបស់ Liverpool ក្នុងការប្រជែង Top 4។ ហើយជ័យជម្នះនៅ Turf Moor យប់មិញនេះដែលបានដោយគ្រាប់បាល់របស់ Roberto Firmino ក្នុងនាទី៤៣, Nathaniel Phillips ក្នុងនាទី៥២ និង Alex Oxlade-Chamberlain ក្នុងនាទី៨៨ បានរុញពួកគេឡើងមកលេខ៤ ជំនួស Leicester City ដែលបានចាញ់ Chelsea មួយថ្ងៃមុន។
ពេលនេះ Liverpool មាន៦៦ពិន្ទុ ស្របពេល Leicester ក៏មាន៦៦ពិន្ទុដូចគ្នា ប៉ុន្តែក្រុមខាងដើមមានផលសងគ្រាប់បាល់ប្រសើរជាងចំនួន៤គ្រាប់។
លោក Klopp និយាយថា៖ «ការប្រកួតនេះគឺជាពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ពួកយើងត្រូវការឈ្នះពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយពួកយើងបានធ្វើវាបានហើយ។ អ្វីៗមិនទាន់ត្រូវបានសម្រេចនៅឡើយទេ ប៉ុន្តែពួកយើងបានធ្វើឱ្យប្រសើរចំណាត់ថ្នាក់របស់យើង ហើយពួកយើងមានការប្រកួតផ្ដាច់ព្រ័ត្រនៅខាងមុខ។ នោះជាអ្វីដែលពួកយើងត្រូវការ។ វាជាអ្វីដែលពួកយើងសមនឹងទទួលបានព្រោះពួកយើងបានបង្ហាញគុណផលលំដាប់កំពូល។ ឥឡូវនេះ ពួកយើងត្រូវប្រមូលកម្លាំងមកវិញឱ្យបានលឿន។ នៅតំបន់មួយចំនួនពួកយើងស្ទើរកីឡាករ ដូច្នេះពួកយើងត្រូវប្រយ័ត្នប្រយែងបំផុត។ ខ្ញុំពិតជាអន្ទះសារចង់ឃើញអ្នកគាំទ្រ១ម៉ឺននាក់នៅ Anfield។ អ្វីៗមិនទាន់ធានានៅឡើយទេ។ Palace ជាក្រុមខ្លាំងមួយ»។
នៅថ្ងៃបិទរដូវកាល Liverpool នឹងស្វាគមន៍ Crystal Palace ដែលស្ថិតក្រោមការដឹកនាំប្រកួតចុងក្រោយដោយលោក Roy Hodgson ដែលបានប្រកាសចុះចេញពីតំណែង។
ចំណែក Leicester នឹងស្វាគមន៍ Tottenham ហើយ Chelsea ដែលមាន៦៧ពិន្ទុនឹងត្រូវលេងបង្ហើយប្រកួតលីគនៅទឹកដី Aston Villa៕