Gareth Bale និយាយថា រូបគេបានគាស់កកាយចំណង់នៃការលេងបាល់ជាថ្មីវិញ បន្ទាប់ពីបានចូលរួមជាមួយ Tottenham Hotspur នៅដើមរដូវកាល ២០២០-២១។
Bale បានផ្ទេរមកកាន់ Spurs មួយរដូវកាល ក្រោមកិច្ចសន្យាខ្ចីមួយរដូវកាល កាលពីខែកញ្ញា បន្ទាប់ពីបានចំណាយពេល៧រដូវកាល ជាមួយ Real Madrid។
នៅអេស្ប៉ាញ ខ្សែប្រយុទ្ធជនជាតិវេលស៍ មិនស្ថិតក្នុងជម្រើស អ្នកចាត់ការ Real Madrid លោក Zinedine Zidane សម្រាប់ការប្រកួតនោះទេ ដោយជានិច្ចកាល កីឡាកររូបនេះ ត្រូវអង្គុយកៅអីបម្រុង ហើយពេលខ្លះទៀត មិនមានឈ្មោះក្នុងបញ្ជីកីឡាករត្រៀមប្រកួតថែមទៀតផង។
ពេលត្រលប់មកទីក្រុងឡុងដ៍វិញ ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ បានសម្របទៅនឹងការប្រកួតក្រោមការដឹកនាំរបស់លោក Jose Mourinho ហើយបានបន្ថែមសម្ពាធទៅតំបន់ការពាររបស់គូប្រកួត និង ស្ថិតនៅក្នុងការជ្រើសរើសសម្រាប់ជម្រើស១១នាក់ដំបូង របស់ក្រុមមាន់ខ្នាយមាស។
Bale បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារថា៖ “ការត្រលប់មកកាន់ទីកន្លែងដែល ខ្ញុំមានអារម្មណ៍ស្រលាញ់ ផ្ដល់ឱ្យអ្នកនូវការស្រេកឃ្លាន ដើម្បីឈានទៅមុខសារជាថ្មី ហើយដើម្បីលេងសម្រាប់អ្នកគាំទ្រ ដែលជ្រោមជ្រែងអ្នកជាខ្លាំង។ វាគឺល្អក្នុងការត្រលប់មកលេងវិញ ហើយល្អក្នុងការមកកាន់ទីដែលខ្ញុំចង់មកចូលរួម”។
Bale ក៏បង្ហាញអារម្មណ៍រីករាយផងដែរ ដែលបានត្រលប់មកអង់គ្លេសវិញ ដោយរំពឹងថាអាចបន្ដលេងបានកាន់តែល្អ សម្រាប់ Spurs និង ជួយក្រុមជម្រើសជាតិវេលស៍ទទួលបានលទ្ធផលល្អផងដែរ៕