Skip to content
Man Utd ចង់បានកីឡាករថ្មីរហូតដល់៣នាក់ថែម​ទៀតក្រៅពី Sancho
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Man Utd ចង់បានកីឡាករថ្មីរហូតដល់៣នាក់ថែម​ទៀតក្រៅពី Sancho

មកទល់ពេលនេះ Manchester United ទើប​តែទិញ​បាន​សមាជិក​ថ្មី​ម្នាក់​ប៉ុណ្ណោះ​គឺ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ហុល្លង់ Donny van de Beek ពី Ajax​។ Jadon Sancho នៅតែជាគោលដៅអាទិភាពរបស់ Manchester United ប៉ុន្តែក្លិបដ៏ធំមួយនេះក៏បើកចំហចំពោះការចុះហត្ថលេខាជាមួយខ្សែការពារស្លាបឆ្វេងម្នាក់, ខ្សែការពារកណ្ដាលម្នាក់ និងខ្សែប្រយុទ្ធកណ្ដាលម្នាក់ទៀតផងដែរ។ នេះបើតាមសេចក្ដីរាយការណ៍របស់ Manchester Evening News។


ការចរចានៅតែកំពុងបន្តលើការផ្ទេរ Sancho ក្នុងតម្លៃឯតទគ្គកម្មក្លិបបិសាចក្រហម ប៉ុន្តែពួកគេក៏កំពុងពិចារណាលើជម្រើសមួយចំនួនទៀតផងដែរ ខណៈប្រកួតដំបូងរបស់ពួកគេក្នុងរដូវកាលថ្មី២០២០-២១ នឹងធ្វើឡើងនៅថ្ងៃទី១៩ខែកញ្ញា ទល់នឹង Crystal Palace។

ចំពោះតួនាទីការពារស្លាបឆ្វេង Man Utd កំពុងតាមដានកីឡាករជម្រើសជាតិអេស្ប៉ាញវ័យ២៣ឆ្នាំ Sergio Reguilon របស់ Real Madrid។ Reguilon បានទាក់ចិត្ត Man Utd អំឡុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League ដែល Sevilla ទម្លាក់ បិសាចក្រហម។ តែខ្សែការពារស្លាបឆ្វេងជម្រើសជាតិអ៊ុយក្រែន Vitaliy Mykolenko របស់ Dynamo Kiev ក៏ត្រូវបាន Man Utd ចាប់អារម្មណ៍ដែរ។ Mykolenko វ័យ២១ឆ្នាំជាកីឡាករជម្រើសដំបូងក្នុងក្រុម Kiev និងបានលេងឱ្យក្រុមធំអ៊ុយក្រែន៨លើករួចហើយ។ ទាំង Reguilon និង Mykolenko នៅសល់កិច្ចសន្យាជាមួយក្លិបបច្ចុប្បន្នរបស់ពួកគេដល់ឆ្នាំ២០២៣រៀងៗខ្លួន។


តំបន់ការពារកណ្ដាល ក៏លោក Ole Gunnar Solskjaer ទទួលស្គាល់ថាត្រូវការពង្រឹងបន្ថែមដែរ ប៉ុន្តែក្លិបបិសាចក្រហមមិនសូវសកម្មក្នុងការធ្វើឱ្យប្រសើរឡើងនៅតំបន់នេះក្នុងទីផ្សារនេះទេ ដោយអាចរង់ចាំដល់ឆ្នាំក្រោយ។


ខ្សែប្រយុទ្ធកណ្ដាលថ្មីពេញសិទ្ធិម្នាក់ជាអ្វីដែល Man Utd បាននិងកំពុងស្វែងរក តាំងពីក្រោយការចាកចេញរបស់ Romelu Lukaku និង Alexis Sanchez ទៅ Inter Milan ឆ្នាំមុនមក។ បន្ទាប់ពី Erling Haaland បដិសេធ Man Utd បានបង្ហាញចំណាប់អារម្មណ៍លើ Moussa Dembele របស់ Lyon និង Joshua King របស់ Bournemouth។

ទន្ទឹមនេះ Man Utd កំពុងពិចារណាប្រើវិធីសាស្ត្រមួយស្រដៀងនឹងអ្វីដែល Bayern Munich បានធ្វើ ក្នុងការនាំចូលកីឡាករថ្មីមកពង្រឹងក្រុម។ រដូវក្ដៅមុន Bayern បានបរាជ័យក្នុងការទិញ Leroy Sane ដូច្នេះពួកគេបានខ្ចី Philippe Coutinho ពី Barcelona និង Ivan Perisic ពី Inter Milan។ ជាលទ្ធផល Bayern ជោគជ័យខ្លាំង ដោយបានឈ្នះពាន៣ក្នុងមួយរដូវកាល ហើយពេលនេះពួកគេក៏យកបាន Sane មករួមក្លិបដូចក្ដីប្រាថ្នា ស្របពេល Perisic ដែល Man Utd ធ្លាប់តាមទិញមិនបានសម្រេចក្នុងសម័យដឹកនាំរបស់លោក Jose Mourinho ក្នុងឆ្នាំ២០១៧នោះ ក៏ត្រូវបានរំពឹងថាចូលរួម Bayern ជាអចិន្ត្រៃយ៍ក្នុងរដូវក្ដៅនេះផងដែរ៕