Skip to content
វីរបុរស​អាហ្សង់ទីន​​​ម្នាក់​ល្បី​ខ្លាំង​មុន​ Maradona តឿន Messi ឱ្យ​ចេញពី Barca និង​ជ្រើស​ក្លិប​៣​ជា​គោលដៅ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

វីរបុរស​អាហ្សង់ទីន​​​ម្នាក់​ល្បី​ខ្លាំង​មុន​ Maradona តឿន Messi ឱ្យ​ចេញពី Barca និង​ជ្រើស​ក្លិប​៣​ជា​គោលដៅ

វីរបុរស​អាហ្សង់ទីន​ដ៏​ល្បី​ល្បាញ​​ដែល​បាន​ឈ្នះ​ពាន FIFA World Cup 1978​ ​ព្រម​ទាំ​ងឈ្នះ​ស្បែក​ជើង​មាស​និង​បាល់​មាស​ផ្ទាល់​ខ្លួន​ប្រចាំ​ World Cup ឆ្នាំនោះ គឺ​លោក Mario Kempes បាន​ផ្ដល់​យោបល់​ថា​ Lionel Messi គួរ​ចេញ​ពី Barcelona នៅ​រដូវ​ក្ដៅ​២០២១​​នេះ​។

ហើយ​លោក​ថែម​ទាំង​លើក​ក្លិប​៣​ដែល Messi គួរ​ទៅ​ចូល​រួម គឺ Manchester City ឬ Paris St Germain ឬ Bayern Munich​។

លោក Kempes វ័យ​៦៦​ឆ្នាំ ​ដែល​ជា​ម្ចាស់​ពាន Ballon d’Or ១៩៧៨​ផង​នោះ ត្រូវ​បាន​ស្រង់​សម្ដី​តាម​សារព័ត៌មាន Sports Bild ​ថា​​៖ «Messi គួរ​ធ្វើការ​ជាថ្មី​ជាមួយ Guardiola, ឬ​ក៏​ទៅ PSG ឬ Bayern Munich​។ មាន​ក្លិប​ជា​ច្រើន​ដែល​មាន​​លុយ​ឬ​មាន​កីឡាករ​ល្អ​ៗ​ដើម្បី​សម្រេច​បាន​ជោគជ័យ​។ Bayern ជា​ជម្រើស​ភាគរយ​ទាប​ជាង​គេ​ព្រោះ​ពួក​គេ​នឹង​មិន​ចាយ​លុយ​សន្ធឹកសន្ធាប់​បែបនេះ​លើ​ប្រាក់​ខែ​កីឡាករ​ឡើយ»។

លោក​បន្ថែម​ថា ឱកាស​ដែល Messi អាច​ឈ្នះ Champions League ជា​ថ្មី​ជាមួយ Barca គឺ​​មានតិច​តួច​។ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ Barca ឆាប់​ធ្លាក់​ពី Champions League។ ពួក​គេ​កំពុង​មាន​ការ​លំបាក​ច្រើន​ក្នុង​ការ​​កសាង​ក្រុម​ឈ្នះ​មួយ​ថ្មី​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ​។

គួរ​ជម្រាប​ថា Messi នឹង​ឈាន​ចូល​វ័យ​៣៤​ឆ្នាំ​នៅ​ចុង​ខែ​មិថុនា​ខាង​មុខ​។

ដោយឡែក លោក Kempes ជា​អតីត​​កំពូល​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ម្នាក់​ក្នុង​ទសវត្សរ៍​១៩៧០​។ លោក​ល្បីល្បាញ​ខ្លាំង​នៅ​ក្លិប Rosario Central ក្នុង​ប្រទេស​កំណើត និង Valencia ​របស់​អេស្ប៉ាញ​។ លោក​បាន​លេង​ឱ្យ​ជម្រើសជាតិ​អាហ្សង់ទីន​​ពី​ឆ្នាំ​១៩៧៣​ដល់​១៩៨២ បង្ហាញ​ខ្លួន​៤៣​លើក​រក​បាន​២០​គ្រាប់ និង​ឈ្នះ​ពាន FIFA World Cup 1978។ លោក​រ​ក​បាន​២​គ្រាប់​ម្នាក់​ឯង​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​នោះ​ដែល​អាហ្សង់ទីន​ឈ្នះ​ហុល្លង់​៣-១។ លោក​ជា​កីឡាករ​ទី​៣​ក្នុង​ប្រវត្តិសាស្ត្រ​​ដែល​បាន​ឈ្នះ​ពាន​ទាំង​៣​ក្នុង​ព្រឹត្តិការណ៍ World Cup គឺ​​លើក​ពាន World Cup ជាមួយ​ក្រុម​ផង, ឈ្នះ​ស្បែក​ជើង​មាស​ផង និង​ឈ្នះ​បាល់​មាស​ផង​ បន្ទាប់​ពី​វីរបុរស​ប្រេស៊ីល Garrincha ក្នុង​ឆ្នាំ​១៩៦២ និង​វីរបុរស​អ៊ីតាលី​ Paolo Rossi ក្នុង​ឆ្នាំ​១៩៨២​៕